(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៣-៤ថ្ងៃប៉ុណ្ណោះ សាច់គោអូស្រ្ដាលី កំពុងតែមានសន្ទុះខ្លាំង នៅលើទីផ្សារកម្ពុជា ខណៈដែលមានការគាំទ្រច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងស្រុក ហើយនេះក៍ជាលើកទី១ផងដែរ ដែលសាច់គោអូស្រ្ដាលី ចរាចរណ៍ក្នុងទីផ្សារកម្ពុជា។
លោក ហោ ស៊ឹមលាង អគ្គនាយកក្រុមហ៊ុន SLN Meat Supply បានថ្លែងប្រាប់អ្នកសារព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦នេះថា ការដាក់លក់សាច់គោអូស្រ្ដាលី នៅលើទីផ្សារកម្ពុជា បានចាប់ផ្ដើមរយៈពេល៣-៤ថ្ងៃមកហើយ ហើយក៏មើលឃើញថា មានការគ្រាំទ្រពីសំណាក់អតិថិជន ក្នុងស្រុកយ៉ាងច្រើនទៀតផង ព្រោះថា សាច់គោអូស្រ្ដាលីជាប្រភេទសាច់ស្រស់ មានលក្ខណៈទន់ផុយ ងាយស្រួលចំអិន និងមានឱជារសឈ្ងុញឆ្ងាញ់ថែមទៀតផង។
លោកបន្ដទៀតថា ការដាក់លក់សាច់ស្រស់ នៅលើទីផ្សាររយៈពេលប៉ុន្មានថ្ងៃមកនេះ គឺខាងក្រុមហ៊ុនបានដាក់លក់ តែប្រមាណពាក់កណ្ដាលប៉ុណ្ណោះ ដោយសារតែនៅលើទីផ្សារ ពុំទាន់មានស្ដង់ ឬទូដាក់លក់តាមបែបអនាម័យ គ្រប់គ្រាន់នៅឡើង។
លោកបានបន្ថែមទៀតថា ក្នុងការលក់សាច់នៅលើទីផ្សារក្នុងទីក្រុងភ្នំពេញក្នុង១ថ្ងៃ ខាងក្រុមហ៊ុនបានធ្វើការលក់អស់ ប្រមាណណជា៣តោន រីឯតម្លៃវិញ គឺយើងលក់ថ្លៃជាងសាច់គោ ក្នុងស្រុកដោយ១គីឡូលើសថ្លៃ១ដុល្លារ ២ដុល្លារ ឬ៥ដុល្លារទៅតាមប្រភេទនៃសាច់។
លោកបានបញ្ជាក់ទៀតដែរថា ប្រសិបបើមានការគាំទ្រទិញច្រើន ពីអតិថិជនក្រុមហ៊ុនរបស់លោកនឹងនាំចូលគោបន្ថែម ប្រហែលជា៣ពាន់ក្បាលទៀត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារកម្ពុជា ក៏ដូចជាគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមគោអូស្រ្ដាលី នៅក្នុងប្រទេសកម្ពុជានេះផងដែរ។
លោកបានឲ្យដឹងបន្ថែមទៀតថា ក្រៅពីធ្វើការផ្គត់ផ្គង់ ក្នុងប្រទេសកម្ពុជាខាង ក្រុមហ៊ុនក៏ធ្វើការផ្គត់ផ្គង់ទៅដល់ទីផ្សារ នៅបណ្ដាប្រទេសដទៃទៀត ដូចជាចិន ថៃ វៀតណាម ជប៉ុន និងប្រទេសមួយចំនួនទៀតផងដែរ។
សូមជម្រាប់ផងដែរថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ក្រុមហ៊ុន SLN MeatSupply បានធ្វើការបញ្ជាទិញសត្វគោអូស្រ្ដាលីប្រមាណជា ២,៧៦៦ ក្បាល ពីប្រទេសអូស្រ្ដាលី ដើម្បីកាប់យកសាច់ ស្រស់លក់ចែកចាយនៅក្នុងប្រទេសកម្ពុជា៕