(ភ្នំពេញ)៖ ស្ត្រីអនិកជនខ្មែរញូវហ្សេឡេនម្នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឆបោក, ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ក្នុងករណីសង្ស័យស៊ីដាច់លុយជាង៦ម៉ឺនដុល្លារ។
ការចោទប្រកាន់ ត្រូវបានធ្វើឡើងដោយ លោក សំម ប្ញទ្ធីវាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងរបស់ មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។
ស្ត្រីអនិកជនខ្មែរញូវហ្សេឡេននេះមានឈ្មោះ ហេង ស៊ូសាន អាយុ២៦ឆ្នាំ មានមុខរបរជាបុគ្គលិក ក្រុមហ៊ុន RHF.STORE លក់ថ្មម៉ាប ដែលត្រូវបានតុលាការចោទពីបទឆបោក, ក្លែងបន្លំ, និងបទប្រើប្រាស់លិខិតក្លែង តាមមាត្រា៣៧៧, ៣៧៨, ៦២៦, ៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។
ស្ត្រីអនិកជនរូបនេះ ត្រូវកម្លាំងអាវុធហត្ថក្រុងភ្នំពេញឃាត់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីមានបណ្តឹងព្រហ្មទណ្ឌ ដោយចោទប្រកាន់ស្ត្រីខាងលើ ពីបទឆបោក, ក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង៕