(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានកម្មាភិបាលវៀតណាម ចំនួន២០រូប នៃគណបក្សកុម្មុយនីស្តវៀតណាម នឹងមកសិក្សាភាសាខ្មែរ នៅរាជធានីភ្នំពេញ ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលជាតិដ៏ធំជាងគេបំផុតនៅកម្ពុជា។

ការបណ្តុះបណ្តាលកម្មាភិបាលវៀតណាម ធ្វើឡើងក្រោយមានអនុស្សារណៈនៃការយោគយល់គ្នាមួយ ( MoU) ដែលត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Son មន្ត្រីជាន់ខ្ពស់នៃគណបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះលោកបណ្ឌិត​ ជេត ជាលី បានថ្លែងអំណរគុណដល់ខាងវៀតណាម ដែលបានជ្រើសរើសសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ទទួលការបណ្តុះបណ្តាលភាសាខ្មែរ។ លោកបណ្ឌិត​ ក៏បានរៀបរាប់ត្រួសៗ ពីប្រវត្តិរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយបញ្ជាក់ថា កាលពីសម័យសង្គមរាស្ត្រនិយម សាកលវិទ្យាល័យនេះមានទំហំធំធេងជាងនេះឆ្ងាយណាស់ ទោះឥលូវតូចជាងមុនក្តី តែវានៅតែជាសាកលវិទ្យាល័យមួយ ដ៏ធំជាងគេដដែល នៅប្រទេសកម្ពុជា។

លោកបណ្ឌិត ជេត ជាលី បានបន្តទៀតថា បរទេសមានចិត្តចង់រៀនភាសាខ្មែរយើងច្រើនណាស់ មិនមែនមានតែខ្មែរទេដែលចង់រៀនភាសាបរទេសនោះ។ ជាមួយគ្នានេះ និស្សិតបរទេស ដែលរៀនភាសាខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានច្រើនជាងគេ គឺនិស្សិតចិន និងនិស្សិតវៀតណាម។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Son បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងមន្ត្រីវៀតណាមឲ្យចេះភាសាខ្មែរ ហើយនេះជាគោលនយោបាយដ៏ធំធេងបំផុត របស់គណបក្សកុម្មុយនិស្តវៀតណាម ដែលឲ្យមន្ត្រី និងបុគ្គលិកចេះភាសាខ្មែរ។

លោកសាស្ត្រាចារ្យរង បណ្ឌិត Vu Thanh Son បានបន្ថែមថា មន្ត្រី និងបុគ្គលិកកម្ពុជា សម្បូរអ្នកចេះវៀតណាម ប៉ុន្តែមន្ត្រី និងបុគ្គលិកវៀតណាម មិនសូវសម្បូរអ្នកចេះភាសាខ្មែរនោះទេ ហេតុនេះហើយអនុស្សារណៈនៃការយោគយល់គ្នាមួយនេះ នឹងធ្វើឲ្យមន្ត្រី និងបុគ្គលិកវៀតណាម ចេះភាសាខ្មែរឲ្យច្រើន។

សូមជម្រាបថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននិងកំពុងបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយក៏គ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ៕