(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តថ្លែងអំពាវនាវដល់កម្មករ-កម្មការិនី ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពដែលយើងប្រឹងប្រែងរកបានដោយលំបាក ហើយកុំចាំឱ្យវាយបាត់បង់ហើយបានស្រែករកសន្តិភាព គឺវាយឺតពេលហើយ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចបន្តចុះជួបកម្មករ-កម្មការិនីជិត ២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សំណូមពររបស់ពូមិនធំទេ ធ្វើយ៉ាងមិចគឺទាំងអស់គ្នា រួមគ្នាការពារសន្តិភាពដែលយើងរកបានដោយលំបាកនេះ, សន្តិភាពមានតម្លៃណាស់ក្មួយ កុំចាំបាត់សន្តិភាព បានយើងស្រែករកសន្តិភាពមិនងាយនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺជារឿងរហ័សណាស់ គឺសម្រេចចិត្តត្រឹមតែ១៥នាទី គឺសង្គ្រាមអាចផ្ទុះឡើងបាន ប៉ុន្តែការដោះស្រាយបញ្ចប់សង្គ្រាមទេជារឿងដែលពិបាកនោះ។

ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនេះដែរ សម្តេចតេជោក៏លើកឡើងពីបញ្ហាសង្គ្រាមរវាង រុស្ស៉ី និងអ៊ុយក្រែន ដោយបានបញ្ជាក់ថា នៅពេលនេះអ៊ុយក្រែន ចាប់ផ្តើមវាយបកលើរុស្ស៉ីហើយ ប៉ុន្តែសម្តេចគ្មានជំនឿណាមួយថា អ៊ុយក្រែនអាចវាយយកទឹកដីដែលរុស្ស៉ីកាន់កាប់នោះបានមកវិញដោយប្រើប្រាស់សង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម និងយកទឹកដីបានមកវិញនោះទេ។ បញ្ហាសង្គ្រាមរវាង រុស្ស៉ី និង អ៊ុយក្រែន រវាងការវាយទៅ វាយមក ទីចុងបញ្ចប់អ្នកដែលស្លាប់គឺប្រជាជនរុស្ស៉ី និងអ៊ុយក្រែន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «ចឹងបានយើងនៅទីនេះ យើងមានសន្តិភាពហើយ ត្រូវការពារសន្តិភាពនេះកុំឱ្យវាបាត់ ហើយបានស្រែករកសន្តិភាព វាយឺតពេលហើយ។ មនុស្សស្លាប់ដោយសារសង្គ្រាមក្នុងប្រទេសយើងវាច្រើនណាស់ ហើយការសម្រេចចិត្តរបស់ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចឱ វាបានបង្កើតនូវសង្គ្រាមដែលមនុស្សស្លាប់រាប់សិបម៉ឺននាក់ បន្តមកប៉ុលពត សម្លាប់មនុស្សជាង ៣លាននាក់ ហើយយើងបានត្រដររស់ទាំងលំបាក ហើយយើងបានបញ្ជប់សង្គ្រាមទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដែរថា អ្វីដែលសម្តេចចង់បាននៅពេលនេះ គឺចង់ឱ្យរោងចក្រមួយក្លាយជាសហគមន៍សុខសាន្ត ហើយរឿងនេះគ្រាន់តែនៅក្នុងរោងចក្រកុំឱ្យមានការប្រើប្រាស់គ្រឿងញៀន កុំឱ្យក្លាយជាកន្លែងចែកចាយគ្រឿងញៀន មានបងតូច បងធំ កុំឱ្យមានជម្លោះនៅទីនោះ ដោយត្រូវរកការស្រុះស្រួលរវាងម្ចាស់រោងចក្រ ជាមួយនឹងកម្មករ ហើយពេលមានជម្លោះណាមួយត្រូវដោះស្រាយគ្នាដោយសន្តិវិធី៕