(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីខ្លឹមសារពង្រៀងនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ជាមួយនឹងការព្រមានថា គណបក្សនយោបាយនៅខាងក្នុងនឹងត្រូវរំលាយ បើហ៊ានធ្វើតាមបញ្ជាទណ្ឌិតក្បត់ជាតិ សម រង្ស៉ី, ឯអ្នកណាដែលរារាំង ឬអុកឡុកការបោះឆ្នោត នឹងត្រូវរងពិន័យពី១០-៣០លានរៀល បន្ថែមលើទោសព្រហ្មទណ្ឌ។

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់ មកពីរោង​ចក្រសហគ្រាសចំនួន៩ ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា នៅថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង បានប្រជុំអំពីការរៀបចំការកែទម្រង់ច្បាប់បោះឆ្នោត ទាក់ទងទៅនឹងអ្នកមានសិទ្ធិឈរឈ្មោះ ដើម្បីពង្រឹងការទទួលខុសត្រូវរបស់មន្ត្រីនយោបាយ។

សម្តេចបានបង្ហើបខ្លឹមសារពង្រៀង នៃការធ្វើ​វិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតចំពោះអ្នកនយោបាយដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតថា៖ «ចំណុចទាក់ទិននឹងអ្នកដែលមានសិទ្ធិឈរឈ្មោះ ក្នុងនោះគេបានចែងថា៖ បានអនុវត្តនូវសិទ្ធិបោះឆ្នោត ដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ដង លើកចុងក្រោយជាប់គ្នា ដែលរៀបចំដោយគ.ជ.ប លើកលែងលែងតែករណីដែលមិនអាចអនុវត្តសិទ្ធិបោះឆ្នោត ដោយមានមូលហេតុសមស្រប»។ សម្តេចបានពន្យល់ថា ចំណុចនេះចង់សំដៅថា ការបោះឆ្នោតសកលនឹងកើតឡើងនៅឆ្នាំ២០២៣ ហើយក៏នឹងកើតឡើងនៅឆ្នាំ២០២៧ ម្តងទៀត ដែលបុគ្គលចង់ឈរឈ្មោះនៅអាណត្តិក្រោយទៀត លុះត្រាតែចូលរួមបោះឆ្នោតតាមការកំណត់។

បន្ថែមពីនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបង្ហើបអំពីខ្លឹមសារ នៃ មាត្រា ១៤២ (ថ្មី) នៃច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដូចជា ៖

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត៖
- រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។
- បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។
- ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សា ទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ។
- រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត។
- រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោត តាមការកំណត់។
- ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។
-ធ្វើឲ្យមានការភាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។
- បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។
- បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន។
- ធ្វើឲ្យខូចរបៀបរៀបរយក្នុងពេលបោះឆ្នោត។
- ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាស។

ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ឬដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួន រយៈពេល៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌទី១ ខាងលើ ចំពោះជនដែល បានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើនេះ»។

សម្តេចបានបន្តបង្ហើបពី មាត្រា១៤៣ (ថ្មី) នៃច្បាប់នេះទៀត ដោយចែងថា៖

«ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬត្រូវផាកពិន័យជាប្រាក់ ពី១០.០០០.០០០ រៀលទៅ ៣០.០០០.០០០ (សាមសិបលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តអំពើល្មើសដូចបានចែងក្នុងមាត្រា ១៤២ (ថ្មី) ខាងលើនេះ»

សម្តេចបានបញ្ជាក់ថា៖ «អញ្ចឹងលោកឯងពូកែទៀតទៅ ! កាន់តែរើ កាន់តែដូចត្រីជាប់ជុច ! ឥឡូវវាព្រហើន ស្រែកមកទៀតហើយថា ឱ្យចូលទៅហើយគូសបំផ្លាញសន្លឹកឆ្នោត អញ្ចឹងឯងចាំមើលទៅ ជាប់គុកប៉ុន្មាន និងបង់ផាកប៉ុន្មាន ឯងបង្កអុកឡុក សាកមើល! ហើយពួកនៅខាងក្រៅ ក្រុមនេះកំពុងតែរុញច្រាន ឱ្យយើងឈានឆ្ពោះទៅរកការរំលាយគណបក្សដែលបញ្ជាពីខាងក្រៅ»

ទោះជាយ៉ាងនេះក្តី សម្តេចជឿថា ពួកនៅខាងក្នុងប្រហែលមិនហ៊ានធ្វើតាមបញ្ជាអ្នកខាងក្រៅទេ ប៉ុន្តែបើហ៊ានធ្វើតាមបញ្ជាអ្នកខាងក្រៅ គឺច្បាស់ណាស់ថា នឹងរងនូវទណ្ឌកម្ម។ សម្តេចបានព្រមានអ្នកធ្វើយុទ្ធនាការ WiFi ដែរថា បើសិនជាពួកគេនៅក្រៅប្រទេសអាចរួចខ្លួន ប៉ុន្តែបើនៅក្នុងប្រទេសនឹងត្រូវចាត់វិធានការតាមច្បាប់។

សម្តេចបញ្ជាក់ថា៖ «អ្នកឯងនៅក្រៅស្រុក ប៉ុន្តែកុំភ្លេចថា បើភ្ជាប់ទំនាក់ទំនងជាមួយអ្នកនៅក្នុងស្រុក អ្នកនៅក្នុងស្រុកគឺរលាយ អាហ្នឹងនិយាយគ្នាឱ្យច្បាស់ត្រង់ៗជាមួយគ្នាអញ្ចឹងតែម្តង»