(ភ្នំពេញ)៖ បន្ទាប់ពីបានបើកយុទ្ធនាការបានរយៈពេល ២សប្ដាហ៍មក, យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា ដែលត្រូវបានបង្កើតឡើង ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១ មិថុនា ទទួលបានថវិកាបរិច្ចាគចំនួនជិត ២លានដុល្លារអាមេរិក ពីសប្បុរសជនជាង២០ម៉ឺនានាក់ (គិតរួមទាំងការបរិច្ចាគតាមប្រព័ន្ធធនាគារ និងដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា)។
សូមរលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាស្ថាប័នជាតិមួយ ដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគ ពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ ៨៤ ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារក្នុង១ឆ្នាំៗ ឯណោះ។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តសប្បុរសជននានា បន្តរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីនាំមកនូវភាពញញឹមរបស់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ទោះបីជានៅពេលយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា នឹងត្រូវបញ្ចប់នៅដំណាច់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះក៏ដោយ៕