(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការមណ្ឌលគាំទ្រការអប់រំគីហ្សូណា បានរៀបចំពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីសិក្សា និងសៀវភៅសិក្សាគោលភាសាអង់គ្លេសថ្នាក់ទី១០-១២ ដែលផលិតដោយ ESC-Kizuna និងមូលនិធិនីបប៉ុន។

លើកឡើងនាឱកាសនោះលោកស្រី ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កាលពីមុន អង្គការគីហ្សូណា បានអភិវឌ្ឍកម្មវិធីសិក្សាភាសាអង់គ្លេសកម្រិតមធ្យមសិក្សាបឋមភូមិ សៀវភៅសិក្សាគោលថ្មី និងសោតុបករណ៍បង្រៀនភាសាអង់គ្លេស «English is Fun» ដែលឥឡូវនេះត្រូវបានប្រើប្រាស់នៅសាលាមធ្យមសិក្សាបឋមភូមិទូទាំងប្រទេស។ សៀវភៅសិក្សាគោលថ្មីនេះងាយស្រួលយល់ និងងាយអនុវត្តជាងសៀវភៅមុនៗ ហើយយើងសង្កេតឃើញថាចំនួនសិស្សដែលចូលចិត្តភាសាអង់គ្លេសបានកើនឡើង។

លោកស្រី ទន់ សាអ៊ីម បន្ថែមថា ជាមួយនឹងការណែនាំសៀវភៅសិក្សាគោលថ្មីនេះ វាជាជំនួយបន្ថែមក្នុងការរៀនភាសាអង់គ្លេស និងជួយបំពេញគំលាតសមត្ថភាពសិស្សទាំងនៅក្នុងទីក្រុង និងតំបន់ជនបទ ដើម្បីឱ្យសិស្សមានសមត្ថភាពប្រហាក់ប្រហែលគ្នាទោះឋិតក្នុងតំបន់ណាក្តី។ ជាមួយគ្នានេះផងដែរ យើងសង្ឃឹមថាចំនួនអ្នកនិយាយភាសាអង់គ្លេសមានការកើនឡើង មិនមែនសម្រាប់តែតំបន់ទេសចរណ៍ និងទីក្រុងនោះទេ ប៉ុន្តែគឺគ្របដណ្តប់ទៅតំបន់ផ្សេងៗទូទាំងប្រទេសផងដែរ។

នាឱកាសនោះដែរ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានសំដែងការពេញចិត្តយ៉ាងខ្លាំងដែលមូលនិធិនីបប៉ុន សហការជាមួយអង្គការគីហ្សូណា ក្នុងការអភិវឌ្ឍភាសាអង់គ្លេសនៅក្នុងវិស័យអប់រំនៅប្រទេសកម្ពុជា។ លោកជឿជាក់ថា ភាសាអង់គ្លេស គឺមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ក្មេងៗជំនាន់ក្រោយ ពីព្រោះជំនាញមួយនេះ នឹងជះផលជាវិជ្ជមានដល់អនាគតប្រទេសជាតិរបស់ពួកគេ។

ជាមួយគ្នានេះលោក ម៉ូរី យឺជិ នាយកប្រតិបត្តិមូលនិធិនីបប៉ុន បានបញ្ជាក់ថា សៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់មធ្យមសិក្សាទុតិយភូមិដែលត្រូវបានអនុម័តដោយថ្នាក់ជាតិ ដោយសហការពីមូលនិធិនីបប៉ុន និងអង្គការមណ្ឌលគាំទ្រការអប់រំ «គីហ្សូណា» ក្នុងការផលិតបញ្ចប់ជាស្ថាពរ និងប្រគល់ជូនក្រសួងអប់រំយុវជន និងកីឡានៅប្រទេសកម្ពុជា។

លោកក៏បានសម្តែងការអបអរសាទរ ចំពោះសមិទ្ធិផលមួយនេះ និងបានអះអាងថា​ នាពេលអនាគត មូលនិធិ និបប៉ុន នឹងបន្តការខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត៕