(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ បានអំពាវនាវឲ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាម លំនៅដ្ឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ជ្របកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក សំអាតបរិស្ថានឲ្យមានពណ៌បៃតងស្រស់បំព្រង ហើយផ្លែសម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ។
ការអំពាវបែបនេះ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យរុក្ខទិវាដាំដើមឈើ និងចែកកូនឈើជាង៣ពាន់ដើម រួមមានឈើ ក្រញូង បេង ច្រេស កកោះ គគីរ ឈើទាល និងកូនឈើហូបផ្លែ ខ្នុរ ស្វាយ ម្រុំ ស្តៅ នៅបរិវេណវត្តពោធិ៍មានបុណ្យ ស្ថិតក្នុងភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី បណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ខូយ រីដា បានថ្លែងថា ពិធីបុណ្យរុក្ខទិវាធ្វើឡើងក្នុងគោលបំណង ដើម្បីអំពាវនាវឲ្យមនុស្សជាតិទាំងអស់ ចូលរួមថែរក្សាការពារបរិស្ថានធម្មជាតិ ក៏ដូចជាបំផុសឲ្យយើងទាំងអស់គ្នា បានយល់ដឹងអំពីផលប្រយោជន៍នៃព្រៃឈើ ព្រមទាំងនាំគ្នាដាំដើមឈើឡើងវិញ ទាំងនៅទីសាធារណៈ ក៏ដូចជា នៅតាមគេហដ្ឋាន។ លោកបានបន្តថា ធនធានព្រៃឈើជាតិ មិនត្រឹមតែជាតម្លៃសេដ្ឋកិច្ច និងការប្រើប្រាស់ប៉ុណ្ណោះទេ វាមានតម្លៃផ្សេងៗទៀតជាច្រើនដូចជា បរិស្ថាន វប្បធម៌ប្រវត្តិសាស្រ្ត ទេសចរណ៍ ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដី ការទប់ស្កាត់មិនឲ្យមានរហោលដ្ឋាន ឬឱនភាពដី ប្រព័ន្ធការពារជីវៈចម្រុះ ផ្តល់ជំរកដល់មនុស្សសត្វលើផែនដី។
លោកបានបញ្ជាក់ថា ការចូលរួមយ៉ាងច្រើនកុះកររបស់ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សនាពេលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការគាំទ្រចំពោះចលនាដាំដើមឈើ ដែលយើងអាចចាត់ទុកថា ជាកាតព្វកិច្ចដ៏ចម្បង ផ្សារភ្ជាប់នឹងសេចក្តីត្រូវការដ៍ចាំបាច់ ក្នុងជីវភាពរស់នៅរបស់ប្រជាកសិករ។
ជាមួយគ្នានោះលោកបានអំពាវនាវឲ្យមានការដាំដើមឈើ នៅតាមទីសាធារណៈ វត្តអារាម លំនៅដ្ឋាន ឬនៅតាមដងផ្លូវនានា ពីព្រោះព្រៃឈើមានសារសំខាន់ណាស់ ក្នុងការជួយថែរក្សាលំនឹងបរិស្ថាន ផ្តល់ម្លប់ជ្របកោន ធ្វើជាសម្ភារប្រើប្រាស់ ធ្វើគម្របដីដាំទប់ការហូរច្រោះ ផ្តល់ជីវជាតិដល់ដីស្រែចម្ការ ស្រូបយកឧស្ម័នការបូនិក សំអាតបរិស្ថានឲ្យមានព័ណ៌បៃតងស្រស់បំព្រង ហើយផ្លែសម្រាប់ពិសា ឬលក់ដូរ ដើម្បីបង្កើននូវប្រាក់ចំណូលក្នុងគ្រួសារ៕