(ភ្នំពេញ)៖ ឆ្លៀតពីការសិក្សា និងបំពេញការងារ និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អ.ម.ត ព្រមជាមួយក្រុមការងារ ចំនួន២៥០នាក់ បានចូលរួមយុទ្ធនាការដាំដើមឈើ ជាមួយអជ្ញាធរ មន្ត្រីរាជការ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នាឱកាសនេះ លោក ផល មុនី នាយខណ្ឌរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩កក្កដា រដ្ឋបាលព្រៃឈើនិងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតែប្រារព្ធរុក្ខទិវា ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យយល់ដឹងពីសារសំខាន់នៃផលប្រយោជន៍ដើមឈើ សម្រាប់ជីវិតមនុស្ស និងសត្វ ហើយយុទ្ធនាការដាំដើមឈើ នៅថ្ងៃនេះ មានដើមឈើចំនួន៣០០០ដើម ដាំនៅក្នុងទំហំដី៣ហិចតា។
ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ប្រទេសជាតិមានសុខសន្តិភាព ទើបមានការអភិវឌ្ឍ។ នៅពេលបច្ចុប្បន្ននេះ ប្រទេសយើងមានសុខសន្តិភាពហើយ ដូច្នេះយុវជនត្រូវចូលរួមសកម្មភាពសង្គមឱ្យកាន់តែសកម្មថែមទៀត ជាក់ស្តែងយុវជនត្រូវស្រឡាញ់ និងជំរុញទឹកចិត្តនៃការចូលរួមយុទ្ធនាការដាំដើមឈើ នៅក្នុងខេត្តកំពង់ស្ពឺនេះ។ ម្យ៉ាងទៀត បម្រែបម្រួលអាកាសធាតុ គឺជាកត្តាសកលដែលយើងទាំងអស់គ្នា ត្រូវជំរុញមនុស្សទាំងអស់គ្នា ឱ្យចូលរួមដាំដើមឈើ ព្រោះវាមានសារសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស និងសត្វ។
សូមរម្លឹកថា លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្សនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលើកទឹកចិត្តក្រុមការងារ និងនិស្សិតទាំងអស់ ចូលរួមធ្វើកិច្ចការសង្គម ឱ្យកាន់តែសកម្មថែមទៀត និងប្រព្រឹត្តនូវអំពើល្អក្នុងរូបភាពជានិស្សិតសមាគម អ.ម.ត ឬ AMT ដែលជាអត្តសញ្ញាណដ៏មានតម្លៃរបស់យើងទាំងអស់គ្នា តួយ៉ាងការចូលរួមយុទ្ធនា ការដាំដើមឈើ នៅខេត្តកំពង់ស្ពឺនេះ គឺសម្រាប់ប្រយោជន៍ទាំងអស់គ្នា៕