(ភ្នំពេញ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារដែលដាក់លក់ ខូចគុណភាព និងហួសកាលបរិច្ឆេទ នៅលើទីផ្សារនោះ មន្រ្តីកាំកុងត្រូលសាខាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញម្ហូបអាហារ នៅតាមតូបលក់ទំនិញ ក្នុងផ្សារពោធិ៍សែនជ័យ និងហាងលក់ទំនិញផ្សេងៗ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។
យុទ្ធនាការចុះត្រួតពិនិត្យទំនិញខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់ លោក ហុង លឹមហ៊ុន អនុប្រធានសាខា ដែលការងារនេះ ផ្តោតជាសំខាន់ទៅលើផលិតផល ទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់ គ្រឿងឧបភោគ បរិភោគ ដែលកំពុងចរាចរនៅលើទីផ្សារដើម្បីស្វែងរកនូវផលិតផល ទំនិញទាំងឡាយណា ដែលខូចគុណភាព ហួសកាលបរិច្ឆេទ ពិសេសធ្វើតេស្តបឋមលើប្រហិត សរសៃគុយទាវ មី... ដើម្បីស្វែងរកសារធាតុគីមី ដែលអាចនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកប្រើប្រាស់។ មន្រ្តីកាំកុងត្រូល បានឲ្យដឹងថា «គោលបំណងនៃការចុះត្រួតពិនិត្យ គឺដើម្បីទប់ស្កាត់ទំនិញខូចគុណភាព ក្លែងបន្លំលើស្លាកសញ្ញា ដែលជនខិលខូចមួយចំនួន បានលួចបញ្ចេញទំនិញមកលក់ នៅលើទីផ្សារ ក្នុងរាជធានីភ្នំពេញ និងពង្រឹងការយល់ដឹងអំពីបញ្ហាសុវត្ថិភាព ម្ហូបអាហារដល់បងប្អូនអាជីវករ និងអ្នកប្រើប្រាស់»។
មន្រ្តីបានបន្តថា ការចុះពិនិត្យនេះ គឺមន្រ្តីជំនាញ បានធ្វើការត្រួតពិនិត្យ ជាប្រចាំទៅតាមការណែនាំ ពីលោកអគ្គនាយកកាំកុងត្រូលដើម្បី ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា នូវការធ្វើចរាចរចែកចាយលក់ដូរផលិតផល ម្ហូបអាហារ គ្មានអនាម័យ និងទំនិញខូចគុណភាព៕