(ភ្នំពេញ)៖ ភាពស្រពាប់ស្រពោន ក្តីព្រួយបារម្ភរបស់ឪពុកម្តាយ និងគ្រួសាររបស់កុមារា លីម រ៉ានុត បានប្រែមកជាស្រស់ថ្លា និងរីករាយវិញហើយ បន្ទាប់ពីដុំសាច់ដ៏ធំក្នុងខួរក្បាលរបស់កុមារារូបនេះ ត្រូវបានវះកាត់យកចេញដោយជោគជ័យពីសំណាក់ក្រុមគ្រូពេទ្យគន្ធបុប្ផាទីតាំងវត្តភ្នំ ដោយប្រើពេលវេលា៨ម៉ោង។
កុមារា លីម រ៉ានុត អាយុ ១៣ឆ្នាំ មកពីភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ត្រូវបានឪពុកម្តាយនាំមករកសេវាព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាសាខាវត្តភ្នំ កាលពីសប្តាហ៍កន្លងទៅនេះ។ កុមារា លីម រ៉ានុត បានកើតអាការៈឈឺក្បាលរយៈពេលប្រមាណជាពីរឆ្នាំមកហើយ។ ពេលឈឺក្បាលម្តងៗម្តាយចេះតែយកថ្នាំបំបាត់ការឈឺចាប់ឱ្យកូនលេប ដោយមិនបានដឹងពីប្រភពនៃជំងឺនោះឡើយ។
ពីរឆ្នាំក្រោយនៅពេលសាច់ដុះកាន់តែធំ ថ្នាំលេបបំបាត់ការឈឺចាប់លែងមានប្រសិទ្ធភាព ទើបសម្រេចនាំកូនមករកសេវាព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ដែលជាពេទ្យទេវតា ពេទ្យសប្បុរសដ៏ធំនៅកម្ពុជា។
ក្រុមគ្រូពេទ្យបានរកឃើញថា កុមារា រ៉ានុត មានជំងឺដុះដុំសាច់ក្នុងខួរក្បាល ហើយដុំសាច់នោះ មានទំហំធំស្ទើរពេញខួរក្បាលទៅហើយ។ អាការៈជំងឺ តម្រូវឱ្យក្រុមគ្រូពេទ្យវះកាត់ជាបន្ទាន់ ដើម្បីសង្គ្រោះកុមារារូបនេះ។
ទាំងឪពុកម្តាយ និងកុមារា រ៉ានុត ដែលជាក្មេងដ៏ស្លូតបូតមួយរូប ពេលបានទទួលព័ត៌មាននេះហើយ បានកើតក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា។ ជាពិសេសកុមារា រ៉ានុត ក្មេងដែលកតញ្ញូចំពោះឪពុកម្តាយ គេហាក់បានយល់ដឹងអំពីភាពគំរាមកំហែងដល់អាយុជីវិតរបស់ពីស្ថានភាពជំងឺមួយនេះ។ គេបារម្ភលែងបានឃើញឪពុកម្តាយ លែងបានសិក្សា លែងបានទៅឃើញប្អូនតូចរបស់គេនៅឯផ្ទះ ជាពិសេសលែងបានឃើញភាពស្រស់បំព្រងនៃភពផែនដីមួយនេះ។
ពេលបានស្តាប់ឮពីអាការៈនៃជំងឺរបស់គេ កុមារា រ៉ានុត បានទទូចសូមអង្វរក្រុមគ្រូពេទ្យជួយសង្គ្រោះរូបគេឱ្យអស់ពីលទ្ធភាព។ បន្ទាប់ពីការពិនិត្យតាមដានយ៉ាងល្អិតល្អន់ទៅតាមក្បួនខ្នាតវេជ្ជសាស្ត្រហើយនោះ ក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាដឹកនាំដោយលោក វេជ្ជបណ្ឌិតឯកទេស គង់ វុទ្ធី បានបើកការវះកាត់កុមារា រ៉ានុត នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា នេះ។
ការវះកាត់បានប្រព្រឹត្តទៅយ៉ាងយូរ ជាមួយការរង់ចាំយ៉ាងអន្ទះសារ និងក្រីព្រួយបារម្ភជាទីបំផុតពីសំណាក់ឪពុកម្តាយរបស់ រ៉ានុត។ ៨ម៉ោងក្រោយមកការវះកាត់ បានបិទបញ្ចប់ ជាមួយនឹងលទ្ធផលដ៏គាប់ប្រសើរបំផុត។ ក្រោយអស់ឥទ្ធពលថ្នាំសណ្តំកុមារា រ៉ានុត បានដឹងខ្លួនជាមួយស្នាមញញឹម ជាមួយស្មារតីនៅរឹងមាំ ហើយក៏មិនមានប៉ះពាល់ដល់ការចងចាំអ្វីដែរ។ ក្រឡេកទៅឪពុកម្តាយរបស់ រ៉ានុត ដែលឈររង់ចាំនៅខាង ក្រៅក្រោយឃើញស្ថានភាពរបស់កូនហាក់មានភាពប្រក្រតីជាធម្មតា នៅពេលវះកាត់រួចនោះ រីករាយខ្លាំងលាយឡំជាមួយដំណក់ទឹកភ្នែកផងដែរ។
លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា បានប្រាប់ Fresh News ថា ការវះកាត់យកដុំសាច់ក្នុងខួរក្បាលនេះ បានប្រើពេលរហូតដល់ទៅ៨ម៉ោង ដោយគ្រូពេទ្យមានឈប់សម្រាកនោះឡើយ។ លោកបានឱ្យដឹងថា មុនគ្រូពេទ្យវះកាត់បានពិភាក្សាគ្នាល្អិតល្អន់ ដោយធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់តាមរយៈការថតឆ្លុះដោយម៉ាស៊ីនស៊ីធីស្កេនទៅលើប្រព័ន្ធខួរក្បាល ដែលទទួលបានរូបភាពច្បាស់។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា «ជាទូទៅការវះកាត់ដុំសាច់នៅក្នុងខួរក្បាលមានហានិភ័យខ្ពស់ ដែលទាមទារឱ្យមានការអត់ធ្មត់នៅក្នុងក្រុមការងារវះកាត់ទាំងមូល ហើយការវះកាត់តែងតែប្រើពេលយូរ។ ជាមធ្យមពី៦ ទៅ៨ម៉ោង ដូចជាករណីថ្ងៃនេះ យើងវះកាត់ដុំសាច់ ហើយមានដុំគីសក្នុងដុំសាច់មួយផ្នែកធំនៅក្នុងដុំសាច់ហ្នឹងទៅទៀត ដែលយើងត្រូវការពេលវេលា ៨ម៉ោង។ គ្រូពេទ្យត្រូវដាច់បាយដាច់ទឹក មិនអាចទៅបន្ទប់ទឹកអីបានទេ ត្រៀមខ្លួនឱ្យហើយ ឈរវះរហូតដល់ទៅ៨ម៉ោង»។
លោកវេជ្ជបណ្ឌិត គី សន់ទី បានចាត់ទុកការវះកាត់នេះទទួលបានជោគជ័យមួយដំណាក់កាលហើយ។ ក្រោយការវះកាត់កុមារជាអ្នកជំងឺ មានការប្រាស្រ័យទាក់ទងជាមួយឪពុកម្តាយជាធម្មតា។
តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យត្រូវយកដុំសាច់ទៅធ្វើការវិភាគបន្តទៀត ដើម្បីពិនិត្យមើលថា តើដុំសាច់នេះ ជាសាច់កាច ឬសាច់ស្លូត។ បើសិនជាសាច់កាច គឺតម្រូវឱ្យមានការព្យាបាលបន្តទៀត ដោយការប្រើថ្នាំគីមី ឬព្យាបាលដោយការបាញ់កាំរស្មីជាដើម។
លោកប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា ក៏បានឱ្យដឹងផងដែរថា ការវះកាត់ប្រព័ន្ធប្រសាទនៅមន្ទីរពេទ្យគន្ធបុប្ផា គឺអាចធ្វើបានដោយគ្រូពេទ្យខ្មែរ ដែលមានបទពិសោធន៍ជិត ១០ឆ្នាំមកហើយ ហើយបានផ្លាស់ប្តូរបទពិសោធន៍ជាប្រចាំជាមួយគ្រូពេទ្យនៅស្រុកបារាំង។
«១៥ឆ្នាំមុន កាលណាកុមារមានដុំមហារីក ឬដុំសាច់ក្នុងខួរក្បាល គឺយើងមិនមានលទ្ធភាពក្នុងការព្យាបាលទេ ហើយកុមារប្រឈមនឹងការស្លាប់បាត់បង់ជីវិតតែម្តង។ តែរយៈពេលជិត ១០ឆ្នាំមកនេះ យើងជួយកុមារបានច្រើន ហើយកុមារយើងមានវាសនាបានរស់រៀន»។ នេះជាការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត គី សន់ទី។
លោកវេជ្ជបណ្ឌិត គី សន់ទី បន្ថែមទៀតថា «កុមារយើងមានសំណាងដែលយើងមានពេទ្យគន្ធបុប្ផាមួយនិយាយដោយឡែក និងមានថ្នាក់ដឹកនាំ មានមូលនិធិគន្ធបុប្ផាកម្ពុជា មូលនិធិគន្ធបុប្ផាប្រទេសស្វីស ដែលធ្វើឱ្យយើងអាចជួយសង្គ្រោះកុមារ អាចកាត់បន្ថយភាពឈឺចាប់របស់កុមារពីជំងឺតម្កាត់ធ្ងន់ធ្ងរផ្សេងៗ ដែលចូលរួមចំណែកក្នុងវិស័យសុខាភិបាល និងសុខុមាលភាពកុមារ បានមួយផ្នែកធំក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល»។
ជាមួយភាពរីករាយក្រោយឃើញកូនវះកាត់បានដោយជោគជ័យនោះ ឪពុកម្តាយរបស់កុមារា រ៉ានុត បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ប្រធានមន្ទីរពេទ្យ ក្រុមគ្រូពេទ្យវះកាត់ ក៏ដូចជាក្រុមគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងចំណេះជំនាញ ជួយសង្គ្រោះកូនខ្លួនឱ្យរួចផុតពីគ្រោះកាចនៃជំងឺដុំសាច់មួយនេះ។
ឪពុកម្តាយកុមារា រ៉ានុត ក៏គោរពថ្លែងអំណរគុណដល់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានតាមដានជាប់ជាប្រចាំក្នុងប្រតិបត្តិការវះកាត់ដុំសាច់នេះ។
អ្វីដែលធ្វើឱ្យឪពុកម្តាយកុមារា រ៉ានុត ចងចាំក្នុងចិត្តមិនអាចបំភ្លេចបាននាពេលនេះ គឺវត្តមានមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទេវតាក្នុងដួចិត្តរបស់ពួកគេ។ ពួកគេ គោរពដឹងគុណយ៉ាងជ្រាលជ្រៅដល់ដួងវិញ្ញាណក្ខន្ធរបស់លោកវេជ្ជបណ្ឌិត បេអាត រិចន័រ ស្ថាបនិកមន្ទីរពេទ្យ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សប្បុរសជនទាំងក្នុង និងក្រៅប្រទេសគ្រប់រូប ដែលបានប្រឹងប្រែងទំនុកបម្រុង ឧបត្ថម្ភគាំទ្រឱ្យមន្ទីរពេទ្យនៅតែបើកទ្វារ ពោរពេញដោយសមត្ថភាពខ្ពស់ ជាទីសង្ឃឹមសម្រាប់កុមារកម្ពុជា៕
(លោកវេជ្ជបណ្ឌិត គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ឆាកម្ពុជា)
(កុមារា លីម រ៉ានុត និងឪពុកម្តាយ មុនពេលចូលវះកាត់)