(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន «ជាតូបការ» ជូន​អគ្គនាយករងទូរទស្សន៍ជាតិពីររូប ដែលតែងតែចុះយកព័ត៌មាន​រាល់កម្ម​វិធី​​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទាំងក្នុង និងក្រៅប្រទេស។

អគ្គនាយករទូរទស្សន៍ជាតិ ដែលព្រះមហាក្សត្រប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» នេះ រួមមាន៖ លោក ងិន សុភា និងលោក អនឃួន សំអូន។

ក្រៅតែពីអគ្គនាយករងទូរទស្សន៍ជាតិទាំងពីររូបខាងលើហើយ ព្រះមហាក្សត្រ ក៏បាន​សព្វ​ព្រះរាជហឫទ័យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ», គ្រឿង​ឥស្ស​រិយ​យសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ និងគ្រឿងឥស្សរិយយស​ព្រះ​រាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ដល់មន្ត្រីក្រសួងព័ត៌មានចំនួន៨​រូប​ផ្សេង​ទៀត​ផងដែរ។

គ្រឿងឥស្សរិយយសខាងលើនេះ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទាន ជូនវរជន​ដែល​មានគុណូបការៈដ៏ឧត្តុង្គឧត្តមក្នុងការងារបម្រើមាតុប្រទេស ដើម្បីបុព្វហេតុឯករាជ្យ សាមគ្គីភាព ប្រជាធិបតេយ្យ និងសន្តិភាពជាតិ។

សូមបញ្ជាក់ថា លោក ងិន សុភា និងលោក អនឃួន សំអូន បានបម្រើការងារជាអ្នក​យក​ព័ត៌មាន និងថតវីដេអូ រាល់កម្មវិធីព័ត៌មានព័ត៌មានរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីចុងឆ្នាំ១៩៩៥មកម្ល៉េះ។ ក្នុងតួនាទីជាអ្នកយកព័ត៌មាននេះ លោក សុភា និង​លោក សំអូន តែងតែចុះយកព័ត៌មានរបស់សម្តេចតេជោទាំងក្នុង និងក្រៅប្រទេស និងគ្រប់កាលៈទេសៈ ប្រកបដោយស្មារតីនៃការទទួលខុសត្រូវខ្ពស់បំផុត។

ចាប់តាំងពីអាណត្តិទី៣ រហូតដល់បច្ចុប្បន្ននេះ លោក សុភា និងលោក សំអូន មានតួនាទីជាអគ្គនាយករងទូរទស្សន៍ជាតិ និង​ជាជំនួយ​ការ​សម្តេចតេជោនាយករដ្ឋមន្ត្រី៕