(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននាំមកនូវជោគជ័យយ៉ាងធំធេងជាច្រើនជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្នុងនោះរួមទាំងការងារបោសសម្អាតមីនរយៈពេលជាង ៣០ឆ្នាំនេះ។ បើគ្មានសម្តេចតេជោ ដឹកនាំប្រទេសកម្ពុជា ក៏គ្មានការងារបោសសម្អាតមីន ហើយប្រជាជនកម្ពុជានៅតែបន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

នេះជាការលើកឡើងរបស់ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងកិច្ចប្រជុំជាមួយយោធភូមិភាគទី៤ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការងារបោសសម្អាតមីនទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ កិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងនិងជាមេបញ្ជាការយោធភូមិភាគទី៤ នៃកងទ័ពជើងគោក, ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ពលទាហាន នាយទាហាន នៃយោធភូមិភូមិទី៤។

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងអំណរគុណ និងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះកងយោធពលខេមរភូមិន្ទ ដែលបានចូលរួមរំដោះប្រទេសជាតិចេញ ពីរបបប្រល័យពូជសាសន៍ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ជូនកងយោធពលខេមរភូមិន្ទ ចំពោះការពលី និងលះបង់គ្រប់បែបយ៉ាងដើម្បីសន្តិភាព និងបុព្វហេតុជាតិមាតុភូមិ ក៏ដូចជាការចូលរួមជួយសង្រ្គោះអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋតាមរយៈការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក្នុងកំឡុងពេលដែលប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញ។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា បើគ្មានសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ទេ ក៏គ្មានសមិទ្ធផលនៃការងារបោសសម្អាតមីនកើតឡើងបានដែរ ហើយការចូលរួមរបស់កងយោធពលខេមរភូមិន្ទ គឺចាំបាច់និងមិនអាចខ្វះបានឡើយ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី បានលើកឡើងនូវសារៈសំខាន់ ២ចំណុចចាំចាច់ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ទី១/. ការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជានៅគ្រប់ទិសទី ដែលជាបំណងប្រាថ្នាធំរបស់សម្តេចតេជោចង់ឃើញប្រជាជនកម្ពុជាទាំងទីក្រុង និងទីជនបទទាំងអស់ រួចផុតពីគម្រាមកំហែងដោយសារគ្រាប់មីន និងទី២/. ឆ្លើយតបនឹងអនុសញ្ញាអូតាវ៉ាដែលកម្ពុជាជាសមាជិករដ្ឋភាគី ដោយត្រូវបំពេញកាតព្វកិច្ចបោសសម្អាតមីនឲ្យអស់ពីប្រទេសកម្ពុជា។

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ក្នុងឆ្លើយតបនឹងចំណុចទាំងពីរ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យដឹកនាំប្រទេសកម្ពុជាយ៉ាងច្បាស់លាស់ក្នុងការបញ្ចប់ការគំរាមកំហែង ដោយគ្រាប់មីនដែលបានដឹងឲ្យអស់ ត្រឹមឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តសកម្មភាពមីន ២០១៨-២០២៥ ដែលក្នុងនោះការចូលរួមរបស់កងទ័ពជើងគោក គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាច់ខ្វះបាន។

ក្នុងរបាយការណ៍របស់ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ កងទ័ពជើងគោក បានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ ដោយទទួលការគាំទ្របច្ចេកទេស និងធនធានពីអាជ្ញាធរមីន តាមរយៈគម្រោងសម្តេចតេជោសម្រាបសកម្មភាពមីន និងមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។

បច្ចុប្បន្ននេះ កងទ័ពជើងគោក បាននឹងកំពុងពង្រាយកម្លាំងបោសសម្អាតមីនចំនួន ៣៥ កងរួចមកហើយ និងត្រៀមកម្លាំងរហូតដល់ ៤៥ ដើម្បីចូលរួមបោសសម្អាតមីនមនុស្សធម៌នេះ។ ឆ្នាំ២០២៣ កងទ័ពជើងគោក បានទទួលផែនការបោសសម្អាតមីនពីអាជ្ញាធរមីនចំនួនជាង ៤៦ គីឡូម៉ែត្រក្រឡាក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ សម្រេចបាន ៩០%នៃផែនការ ហើយគ្រោងនឹងបញ្ចប់ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា ក្នុងនាមមេបញ្ជាការកងទ័ពជើងគោក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាជ្ញាធរមីន ដែលតែងតែផ្តល់ការគាំទ្រទាំងធនធាន សម្ភារៈ និងបច្ចេកទេសដល់កងទ័ពជើងគោក ក្នុងកិច្ចការបោសសម្អាតមីននៅកម្ពុជា៕