(ពោធិ៍សាត់)៖ ក្រុមអ្នកសារព័ត៌មានមកពី១៥ស្ថាប័ន និងមានចំនួន២០នាក់ ក្នុងប្រទេសកម្ពុជា បានទទួលចំណេះដឹងដើម្បីពង្រឹងសមត្ថភាពក្នុងការផ្សព្វផ្សាយបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធី និងយុទ្ធសាស្រ្តនានា ដូចជាកម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ដែលបានរៀបចំឡើង នាមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៣ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកាបានផ្តល់ជូនអ្នកសារព័ត៌មានយល់ជ្រួតជ្រាបកាន់តែច្បាស់ ទៅលើការប្រែប្រួលអាកាសធាតុ។ លោកបានបន្ថែមថា ការបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន គឺជាផ្នែកមួយសំខាន់បន្ថែមទៀត ក្នុងវិស័យផ្សព្វផ្សាយព័ត៌មានបរិស្ថាន។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ «កាលណាគេនិយាយពីការប្រែប្រួលអាកាសធាតុគឺសំដៅ ទៅលើការប្រែប្រួលកំដៅលើផែនដី។ ការប្រែប្រួលកម្តៅនឹងនាំឱ្យប៉ះពាល់ការរស់នៅរបស់ មនុស្ស សត្វ រុក្ខជាតិ ជាដើម»

លោកបានបញ្ជាក់ថា ពិតមែនតែកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តិចតួចបំផុតក្តី ក៏កម្ពុជាកំពុងរួមចំណែកយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិក្នុងការដោះស្រាយ បញ្ហាប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថានសកលនានា ជាពិសេសការចូលរួមអនុវត្តកិច្ចព្រមព្រៀងបរិស្ថានអន្តរជាតិទាំងអស់ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ជាពិសេសកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្រ្តអនុវត្តន៍រយៈពេលវែង សម្រាប់អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក ជួប ប៉ារីស៍ បានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍមួយប្រកបដោយចីរភាពជានិច្ចនិរន្តរ៍ត្រូវការសរសរស្តម្ភ៣យ៉ាងគឺ សេដ្ឋកិច្ច សង្គម និងបរិស្ថាន។ សម្រាប់គោលការណ៍ទាំង៣នេះ មិនអាចខ្វះគ្នាបានឡើយពោល គឺប្រទេសមានថវិកា សង្គមប្រកបដោយពលរដ្ឋ មានសាមគ្គីភាព ចេះជួយគ្នា និងក្រៅពីនេះគេក៏ត្រូវការបរិស្ថានល្អ ដែលពលរដ្ឋរស់នៅប្រកបដោយអនាម័យល្អ និងសុខភាពល្អផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្ឃឹមថា កម្មវិធីបញ្រ្ជាបចំណេះដឹងបរិស្ថាន ជាមួយអ្នកសារព័ត៌មាននេះនឹងជួយបង្កើនចំណេះដឹងបន្ថែមលើ ការផ្សព្វផ្សាយដែលទាក់ទងនឹងវិស័យបរិស្ថានក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ ដោយនិរន្តរភាពនៅកម្ពុជា ការកាត់បន្ថយការបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរហិរញ្ញប្បទានបៃតង។ ជាមួយគ្នានេះ ជាយុទ្ធសាស្រ្តកម្ពុជាបាននិងកំពុងដែលឈរលើមូលដ្ឋានសំខាន់ គឺការថែរក្សាសន្តិភាព ដែលជាគន្លឹះក្នុងកិច្ចការពារបរិស្ថានសកល ការជំរុញទេចរណ៍ផ្សាភ្ជាប់ទឹកដី និងការនាំចេញនៅកន្លែង។

ក្នុងឱកាសនោះ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ចូលរួមការពារព្រៃឈើ សត្វព្រៃដើម្បីការពារឱ្យបាននៃលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡេស៊ីនៅកម្ពុជា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រសួងបរិស្ថាន សម្របសម្រួលដោយ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមានការគាំទ្រដោយ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដោយមានអ្នកសារព័ត៌មានទាំង១៥ស្ថាប័ន ចំនួន ២០នាក់ (មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិកត្រូនិក)។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអ្នសម្របបសម្រួលកម្មវិធីបញ្ជ្រាបចំណេះដឹងបរិស្ថាន ជាមួយអ្នកសារព័ត៌មាន បានបញ្ជាក់ថា អ្នកសារព័ត៌មាននឹងធ្វើដំណើរចុះទៅដល់ទីតាំងផ្ទាល់នៃគម្រោងរបស់ក្រសួងបរិស្ថាន ដែលបានជួយអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន នៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ក្នុងជួរភ្នំក្រវាញ ជាពិសេសការបង្កើតជម្រើសសម្រាប់ជីវភាពគ្រួសារ និងសក្តានុពលវិស័យទេសចរណ៍ធម្មជាតិជាដើម៕