(ភ្នំពេញ)៖ លោក Sheikh Mansour Bin Mosallam អគ្គលេខាធិការអង្គការសហប្រតិបត្តិការអប់រំ (Organizational of Education Coorperarion) បានបង្ហាញគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យអប់រំ តាមបែបវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពជា។
លោក Sheikh Mansour Bin Mosallam បានលើកឡើងយ៉ាងដូច្នេះ នាឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកឡើងពីសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនគ្រប់ជាតិសាសន៍ មានសិទ្ធិស្មើៗគ្នា ដូចជាសិទ្ធិក្នុងការប្រតិបត្តិសាសនា សិទ្ធិទទួលបានការអប់រំ និងផ្សេងៗទៀត ដែលនេះភ័ព្វសំណាងដ៏ធំធេង សម្រាប់ប្រជាជនកម្ពុជាគ្រប់ៗរូប។
លោកបណ្ឌិត បានបន្តថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម អស់ជាច្រើនទសវត្ស ក្នុងប្រវត្តិសាស្រ្ត ដែលជាហេតុធ្វើឲ្យកម្ពុជា បាត់បង់ធនធានមនុស្ស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អាគារសំណង់ រោងចក្រសហគ្រាសត្រូវបានបិទ គ្មានលំហូរសេដ្ឋកិច្ច។ ប៉ុន្តែចាប់តាំងពី ១៩៩៨ មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រើយុទ្ធសាស្រ្តគោលនយោបាយឈ្នះឈ្នះ បង្រួបបង្រួម ទាហាន ខ្មែរក្រហម នឹងរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង និងចាប់ផ្ដើមមានការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន។
យោងតាមធនាគារពិភពលោក កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៨ លើសកលលោក ជាប្រទេសដែលមានការអភិវឌ្ឍលឿន។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ទៀតថា សម្រាប់សហគមន៍ឥស្លាមនៅកម្ពុជា រដ្ឋាភិបាលបានផ្ដល់ឱកាស និងលទ្ធភាព ដោយស្មើមុខស្មើមាត់ ដូចប្រជាពលរដ្ឋទូទៅ។ សហគមន៍ឥស្លាមកម្ពុជា មានឱកាសចូលរួមបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។ ក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលក៏បានផ្តល់ជូនសហគមន៍ឥស្លាមកម្ពុជានូវគ្រូក្របខ័ណ្ឌរដ្ឋ និងគ្រូជាប់កិច្ចសន្យា ចំនួន១,៦៧៨នាក់ ហើយនៅពេលថ្មីៗនេះទៀត ក៏រដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូនដល់បងប្អូនមុស្លិមបានធ្វើជាអភិបាលរង រាជធានី-ខេត្ត១២ ចំនួន១២រូប និងជាអភិបាលរង ក្រុង ស្រុក ខណ្ឌចំនួន៥១ រូប ថែមទៀតផងដែរ។
ជាមួយគ្នានោះ លោក Sheikh Mansour Bin Mosallam បានសម្ដែងអារម្មណ៍រីករាយ ចំពោះការស្វាគមន៍ប្រតិភូ OEC ដ៏កក់ក្ដៅពីសំណាក់តំណាងភាគីកម្ពុជា ហើយលោកក៏បានកោតសរសើរចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស បើទោះបីជាប្រទេសកម្ពុជា ទើបរួចផុតសង្គ្រាមរយៈពេលដ៏ខ្លីក៏ដោយ។
លោកអគ្គលេខាធិការ បន្តកោតសរសើរចំពោះកម្ពុជា ដែលមានសត្ថភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នាពេលកន្លងមក ហើយក៏មូលហេតុដែល ឯកឧត្ដមចាប់ផ្ដើមស្គាល់កម្ពុជា ផងដែរ។
លោកក៏បានឲ្យដឹងពីគោលបំណង នៃដំណើរទស្សនកិច្ចរបស់ ប្រតិភូ OEC មកកម្ពុជា គឺដើម្បីសិក្សាស្វែងយល់ពីវិស័យអប់រំនៅកម្ពុជា និងមានបំណងពង្រឹង និងពង្រីកទំនាក់ទំនង ឲ្យកាន់តែរឹងមាំ ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឈវិស័យអប់រំ តាមបែបវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ក្នុងពេលជាមួយគ្នានោះ លោកអគ្គលេខាធិការ ក៏បានស្នើដល់កម្ពុជា ឲ្យចូលរួមជាសមាជិក របស់អង្គការសហប្រតិបត្តិការអប់រំ (OEC) និងបានអញ្ជើញតំណាងកម្ពុជា ចូលរួមកិច្ចប្រជុំដែលរៀបចំដោយ OEC ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសអេត្យូពី។
សូមជម្រាបថា អង្គការសហប្រតិបត្តិការអប់រំ (OEC) មានប្រភពដើមពីអង្គការមូលនិធិសង្គ្រោះវិស័យអប់រំ (Education Relief Foundation) ដោយការចាប់ផ្ដើមបង្កើតអង្គការកម្រិតអន្តរជាតិនេះ ត្រូវបានធ្វើឡើងនៅខែមករា ឆ្នាំ២០២០ និងមានប្រទេសចំនួន ៣៣ជាសមាជិក៕