(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍនលំនៅឋានកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សាស្តីអំពី «ការអំពាវនាវរបស់រាជរដ្ឋាភិបាលលើការ ផ្អាកបណ្តោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជន មិនទាន់បានបង់ប្រាក់ និងនីតិវិធីធ្វើឥណទានឡើងវិញ»។ កិច្ចប្រជុំនេះ ធ្វើឡើងនៅទីតាំងនៅ ការិយាល័យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
កិច្ចប្រជុំនេះដែរ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, លោក លឹម វិសាល ជាជំនួយការ និងតំណាង លោក សុខ ចិន្តាសោភា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តអាជីវកម្មអចលនវត្ថុ និងបញ្ចំ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងថ្នាក់ ដឹកនាំ សមាជិក-សមាជិកា នៃប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
អ្នកឧកញ៉ា លី ហួរ បានលើកឡើងថា យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ដីពី «ការផ្អាកបណ្តោះអាសន្នការរឹបអូសផ្ទះរបស់អតិថិជនមិនទាន់បានបង់ប្រាក់ និងដោះស្រាយតាម នីតិវិធីដោយធ្វើឥណទានឡើងវិញ» ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មកាវិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាសូមចូលរួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋាន រស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តរទៀត និងមាននិរន្តរភាព។
នាឱកាសនោះដែរ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបង្ហាញពីរបៀបវរៈ ដើម្បីពិភាក្សាក្នុងអង្គប្រជុំមាន៖
*១៖ សមាជិក-សមាជិកាធ្វើរបាយការណ៍អំពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងបុរី របស់ខ្លួនអំពីការរឹបអូសផ្ទះរបស់អតិថិជន
*២៖ វិធានការ និងដំណោះស្រាយសម្រាប់ក្រុមហ៊ុន និងអតិថិជន អំពីការរឹបអូសផ្ទះរបស់អតិថិជន
*៣៖ ចំណាត់ការរបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាដើម្បីឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
៤.បញ្ហាប្រឈម និង៥.សំណូមពរផ្សេងៗ។
ជាមួយគ្នានេះដែរ លោក លឹម វិសាល ជាជំនួយការ និងតំណាង លោក សុខ ចិន្តាសោភា ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ដោយមានការចង្អុលបង្ហាញ និងការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យស្រាវជ្រាវប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការរឹបអូសផ្ទះអតិថិជនពីសំណាក់ម្ចាស់ក្រុមហ៊ុនបុរី ក៏បានចាត់តាំងរូបលោកឲ្យមកចូលរួមកិច្ចប្រជុំជា មួយសមាគអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងបានថ្លែងអំណរគុណដល់សមាគមដែលបានផ្តល់កិត្តិយស និងសហការជាមួយរដ្ឋាភិបាល។
ជាលទ្ធផលនៃកិច្ចប្រជុំបានពិភាក្សាស្វែងយល់ពីបញ្ហាប្រឈមមួយចំនួនរបស់គម្រោងអភិវឌ្ឍន៍ សមាជិក-សមាជិកា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងបានកំណត់ប្រភេទនៃបញ្ហារបស់អតិថិជន ដែលបានកើតឡើងមានដូចតទៅ៖ សម្រាប់ក្រុមហ៊ុនដែលជាសមាជិកសមាគមទាំងអស់ មានចំនួន៧២ក្រុមហ៊ុន បានបង្ហាញពីរបាយការណ៍ ក្រុមហ៊ុនរបស់ខ្លួន ស្តីអំពីការរឹបអូសផ្ទះអតិថិជន និងការធ្វើឥណទានឡើងវិញ គឺគ្រប់ក្រុមហ៊ុនបុរីទាំងអស់ តែងតែអនុវត្តទៅតាមកិច្ចសន្យាទិញ-លក់ផ្ទះ និងតែងតែមានភាពទន់ភ្លន់ ព្រមទាំងមានគុណធម៌ខ្ពស់បំផុត ក្នុងការអនុវត្តតាមគោលការណ៍ក្រុមហ៊ុន ព្រមទាំងមានក្រមសីធម៌ខ្ពស់ ក្នុងការចូលរួមរកដំណោះស្រាយ និងគ្រប់វិធីសាស្រ្តល្អៗជូនអតិថិជនដែលមានបញ្ហា និងមានការប៉ះពាល់លទ្ធភាព សងមកក្រុមហ៊ុន ហើយក្រុមហ៊ុនតែងតែមានការចរចារគ្នា អធ្យាស្រ័យ អនុគ្រោះទាំងរយៈពេល លទ្ធភាពបង់ ពន្យាការបង់ លើសពីកត្តពកិច្ច និងខ្លឹមសារកិច្ចសន្យាដែលបានព្រមព្រៀងគ្នាទៅទៀត និងមិនដែលមានបំណងក្នុងការរឹបអូសផ្ទះពីអតិថិជនវិញឡើង៕