(ពោធិ៍សាត់)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជនពិការក្រសួងទេសចរណ៍ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង២លាននាក់ កើនឡើងជាង៧០៩% ខណៈទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហោ សារុន អញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» នៅខេត្តពោធិ៍សាត់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។
លោក ហោ សារុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ យើងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១.២៩១.៥៣៩នាក់ កើនឡើងជាង ៧០៩,៥% ធៀបនឹងឆ្នាំ២០២២។ ទេសចរជនជាតិថៃ វៀតណាម និងចិន កំពុងនាំមុខគេ»។
ទន្ទឹមគ្នានេះ លោក ហោ សារុន បានលើកឡើងថា កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ថ្លែងចេញពីខេត្តកំពង់ឆ្នាំង សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសថា គ្រប់រោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវបានអនុញ្ញាតឲ្យចេញមុនម៉ោង ១៥នាទី ដូចស្ត្រីមានផ្ទៃពោះដែរ។ ក្រៅពីនេះ សម្តេចតេជោ ក៏បានលើកទឹកចិត្តឲ្យស្ថាប័នរដ្ឋ គួរផ្តល់ម៉ោងច្រើនជាង ១៥នាទី។
លោក ហោ សារុន បានបញ្ជាក់ថា នេះជាកាយវិការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខរបស់ជនមានពិការភាព ពីសំណាក់ថ្នាក់ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។
អ្វីដែលពិសេសថែមទៀតនោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលទើបតែបញ្ចប់កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យឃើញថា កម្ពុជាមិនត្រឹមតែបំពេញកាតព្វកិច្ច ជាម្ចាស់ផ្ទះរៀបចំការប្រកួតប៉ុណ្ណោះ ប៉ុន្តែកម្ពុជាបានចូលរួមលើកកម្ពស់ស្មារតីតស៊ូ មិនអស់សង្ឃឹម និងទឹកចិត្តមោះមុតរបស់កីឡាករជនពិការ ក្នុងការដណ្តើមជ័យជំនះក្នុងការប្រកួត និងឆ្ពោះទៅកាន់អនាគតមួយប្រកប ដោយភាពកក់ក្តៅគ្មានការរអើស និងមាក់ងាយ។
លោក ហោ សារុន បានលើកឡើងថា ព្រឹត្តិការណ៍នេះ បានលើកតម្កើងគុណតម្លៃបន្ថែមដល់ កីឡាករដែលមានពិការភាព និងលើកកម្ពស់ការគាំទ្រដល់វិស័យពិការភាព។ នៅក្នុងវិស័យទេសចរណ៍ ជនមានពិការភាពក៏ត្រូវបានគិតគូរយកចិត្តទុកដាក់ផងដែរ។
លោកបន្ថែមថា លោកបណ្ឌិត រដ្ឋមន្ត្រី ថោង ខុន តែងតែជំរុញ និងលើកទឹកចិត្តឲ្យមានការផ្តល់ឱកាសការងារដោយផ្ទាល់នៅក្នុងវិស័យទេសចរណ៍ និងបានជំរុញឲ្យមានការគិតគូរពីការសម្រួលហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បម្រើដល់តម្រូវការចាំបាច់របស់ជនមានពិការភាព។
បន្ថែមពីនោះទៀត លោក ហោ សារុន បានលើកឡើងថា វិស័យទេសចរណ៍ក៏ដូចវិស័យដទៃទៀតដែរ បានរងគ្រោះដោយសារវិបត្តិកូវីដ-១៩ ប៉ុន្តែដោយសារភាពធន់នៃវិស័យនេះ តាមរយៈការយកចិត្តទុកដាក់គិតគូរពីសំណាក់ក្រសួងទេសចរណ៍ ដែលដឹកនាំដោយលោកបណ្ឌិតរដ្ឋមន្ត្រី ថោង ខុន វិស័យទេសចរណ៍បានត្រៀមខ្លួន និងបានចាប់ផ្តើមត្រឡប់ទៅភាពល្អប្រសើរឡើងវិញ ដើម្បីរក្សាកិត្តិនាមជា «មាសបៃតង» របស់កម្ពុជា និងជាសសរស្តម្ភមួយយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា៕