(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និង គ្រប់គ្រងទិន្នន័យគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការ-អនុវត្តគោលនយោបាយជាតិគាំពារសង្គម។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញចូលរួម ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការ នូវគម្រោងធ្វើសុខដុមនីយកម្ម ប្រព័ន្ធចុះបញ្ជី និង គ្រប់គ្រងទិន្នន័យគាំពារសង្គម» នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។ ពិធីនេះ រៀបចំនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា «ខ្ញុំសូមគូសបញ្ជាក់ថា ការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការ-អនុវត្តគោលនយោបាយជាតិគាំពារសង្គម ប្រកបដោយគណនេយ្យភាព, តម្លាភាព, អភិបាលកិច្ចល្អ, បរិយាប័ន្ន និង ភាពប្រទាក់ក្រឡាគ្នា»។
ជាមួយនឹងទស្សនវិស័យ នៃការធ្វើអន្តរប្រតិបត្តិការនៃប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏សូមបញ្ជាក់ផងដែរថា កិច្ចសហការ និង អន្តរប្រតិបត្តិការរវាងមនុស្ស (Human Interoperability) គឺជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ពីព្រោះ ការធ្វើអន្តរប្រតិបតិ្តការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និង ប្រព័ន្ធផ្សេងៗទៀត នឹងពុំអាចធ្វើទៅបានឡើយ បើមនុស្ស និង ស្ថាប័ន ពុំទាន់មានកិច្ចសហការស៊ីចង្វាក់គ្នាជាធ្លុងមួយ និង ពុំទាន់មានការចូលរួមអនុវត្ត ឱ្យបានពេញលេញ និង ស្រុះគ្នា ប្រកបដោយស្មារតីបុរេសកម្ម។
អាស្រ័យហេតុនេះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន សូមលើកទឹកចិត្ត និង ស្នើក្រសួង-ស្ថាប័ន ព្រមទាំងក្រុម-ការងារពាក់ព័ន្ធ ទទួលបន្ទុកអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលនឹងប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល និង មូលដ្ឋានទិន្នន័យគាំពារសង្គម យកចិត្តទុក- ដាក់លើការងារចម្បងមួយចំនួន ដូចខាងក្រោម៖
១៖ បន្តនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងដំណើរការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជា តាមរយៈឌីជីថលូបនីយកម្មពេញលេញ សំដៅបង្កើនប្រសិទ្ធភាព និង ពង្រីកវិសាលភាពបន្ថែមទៀត ជាជំហានៗ
២៖ បន្តពិនិត្យ និង សិក្សាអំពីផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ដែលកំពុងត្រូវបានរៀបចំ ក៏ដូចជាបទប្បញ្ញត្តិពាក់ព័ន្ធ និង លើក ជាអនុសាសន៍ សម្រាប់ការអភិវឌ្ឍ, ការអនុវត្ត និង ការដោះស្រាយបញ្ហាឆ្លង វិស័យ (Cross-cutting Issues) ឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនសង្គតិភាព និង ស័ក្តិសិទ្ធិភាព, ទាំងក្នុងទិដ្ឋភាពនៃការអនុវត្តគោលនយោបាយជាតិគាំពារ សង្គម និង ទិដ្ឋភាពគាំពារសង្គមឌីជីថល;
៣៖ ប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ដើម្បីបម្រើដល់ការចុះបញ្ជី និង ដើម្បីកាត់បន្ថយបន្ទុក និង សម្ពាធរបស់មន្ត្រីមូលដ្ឋាន ដែលជាអ្នកអនុវត្ត និង ត្រៀម តភ្ជាប់ និង ធ្វើអន្តរប្រតិបត្តិការ ជាមួយមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ដោយធ្វើសមកាលកម្ម និង បច្ចុប្បន្នកម្មទិន្នន័យ (Data Synchronization and Update) ក្នុងពេលជាក់ស្តែង (Real-time);
៤៖ ក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្រាប់ធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និង គ្រប់គ្រងទិន្នន័យគាំពារសង្គម ត្រូវត្រៀមសហការជិតស្និទ្ធ និង ផ្តល់ការ-គាំទ្របន្ថែម ប្រកបដោយស្មារតីបុរេសកម្ម ដើម្បីឈានទៅពង្រីកវិសាលភាព នៃគម្រោងដ៏មានសារៈសំខាន់នេះ ជាដំណាក់កាលបន្តបន្ទាប់ នៅទូទាំងប្រទេស និង
៥៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និង ជាលេខាធិការដ្ឋាននៃក្រុមការងារបច្ចេកទេសអន្តរក្រសួង ត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ ដើម្បីផ្តល់ការគាំទ្រ ឲ្យបានទាន់ពេល និង បន្តសម្របសម្រួលការងារនេះ សំដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការធ្វើឌីជីថលូបនីយកម្ម ក្នុងប្រព័ន្ធ គាំពារសង្គមកម្ពុជា ឱ្យបានកាន់តែប្រសើរឡើងជាលំដាប់ ស្របតាមក្របខណ្ឌ គោលនយោបាយរបស់រាជរដ្ឋាភិបាល៕