(កំពង់ចាម)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធឆ្លងអគារពុទ្ធិកបឋមសិក្សាកម្រង និងសមិទ្ធផលនានា ក្នុងវត្តកែវមុនី (ហៅវត្តថ្មី) ស្ថិតនៅភូមិអង្គរបានទី៨ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ នៅក្នុងទីអារាមវត្តកែវមុនី ហៅវត្តថ្មី ដែលមានអាយុកាលប្រមាណ៧៧ឆ្នាំ សម្រាប់បម្រើជាប្រយោជន៍ ដល់ការជួបជុំ និងការធ្វើបុណ្យបំពេញទានតាមប្រពៃណី ព្រះពុទ្ធសាសនារបស់ពុទ្ធបរិស័ទ ចំណុះជើងវត្តក្នុងមូលដ្ឋាននេះផ្ទាល់ ក៏ដូចជាពុទ្ធបរិស័ទ ដែលអញ្ជើញមកពីគ្រប់ទិសទី។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់សាសនាទាំងអស់ គឺបានអប់រំមនុស្ស ឲ្យរស់នៅប្រកបដោយធម៌ និងផ្តល់នូវពុទ្ធិបញ្ញាញាណ ដើម្បីបែងចែករវាងអំពើអាក្រក់ និងអំពើល្អ ព្រមទាំងចៀសវាងការប្រើប្រាស់ចំណេះដឹង និងជំនាញទៅក្នុងផ្លូវខុស ដែលអាចនាំមកនូវការបំផ្លិចបំផ្លាញដល់បុគ្គលខ្លួនឯង និងសង្គមជាតិ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ដថា ក្នុងន័យនេះ ការអប់រំដែលពេញលេញ គឺត្រូវដើរទន្ទឹមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងផ្នែកវិទ្យាសាស្ត និងផ្នែកសាសនា ដើម្បីជួយអភិវឌ្ឍសង្គមមួយឱ្យមានការរីកចម្រើនលូតលាស់ប្រកបដោយគុណធម៌ និងសីលធម៌ខ្ពស់។
ទន្ទឹមគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ តែងបានផ្តល់ការគោរព និងបដិបត្តិតាមបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖
ទី១៖ ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២៖ សាសនា គឺការសង្គ្រោះវិស័យសាសនា ឲ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនា ឲ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ
និងទី៣៖ គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម័យតេជោសន្តិភាព ដែលបានចាប់កកើតឡើងពីចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ បានធ្វើឲ្យកម្ពុជាមានសន្តិភាពពេញលេញ ឯកភាពទឹកដី និងឯកភាពជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ព្រមទាំងរាជរដ្ឋាភិបាលតែមួយ បន្ទាប់ពីជម្លោះបែកបាក់អស់រយៈកាលជាង ៥០០ ឆ្នាំ នៅក្នុងដានប្រវត្តិសាស្ត្ររបស់កម្ពុជា។
ទាំងនេះ គឺជាអ្វីដែល សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានប្រកបដោយវីរភាពលះបង់ ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាទាំង ១៧ លាននាក់។ នេះជាការបញ្ជាក់បន្ថែម របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត៕