(រុស្ស៊ី)៖ រុស្ស៊ីបានចាប់ផ្តើមដាក់មូលដ្ឋានចល័តជាច្រើន ដើម្បីជាទីប្រចាំការរបស់យោធា ២,៥០០នាក់នៅតំបន់ Trans-Baikal នៃភាគខាងកើតប្រទេស ក្បែរៗនឹងតំបន់ឧបទ្វីបកូរ៉េផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះ បន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។
យោធាទាំង ២,៥០០នាក់ ត្រូវបានដឹកជញ្ជូនដោយរថយន្ត ១២០គ្រឿង នាំយកមកជាមួយនូវសព្វាវុធទំនើបៗមួយ ចំនួនទៀតដើម្បីបំពាក់នៅឯមូលដ្ឋានទ័ពចល័តក្នុងស្រុក Trans-Baikal ដែលបញ្ជាដោយលោក អគ្គមេបញ្ជាការ Alexander Gordeev។ ក៏មានការបង្កើតឃ្លាំងដើម្បីស្តុក គ្រាប់កាំភ្លើង, ឥន្ធនៈ, និងប្រេងរំអិលផងដែរ ជាពិសេស នោះគឺស្ថានីយ៍ទាក់ទងនិងកន្លែងទទួលទានអាហារ។
គួរបញ្ជាក់ថា មូលដ្ឋានយោធានៃស្រុកភាគខាងកើត គឺជាទីតាំងយុទ្ធសាស្ត្រទ័ពសំខាន់បំផុតមួយក្នុងចំណោម ៤ របស់ប្រទេសរុស្ស៊ី។ រំលឹកទៅដល់ដើមខែកក្កដា កន្លងទៅនេះបន្ទាប់ពីអាមេរិក និងកូរ៉េខាងត្បូងសម្រេចដាក់ ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD នៅឧបទ្វីបកូរ៉េ រុស្ស៊ីក៏បានព្រមានដាក់ពង្រាយទ័ព និងគ្រាប់មីស៊ីលនៅតំបន់ ភាគខាងកើតរបស់ខ្លួនដែរ៕