(កំពង់ធំ)៖ កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានលើកសរសើរពីកំណែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជា អាណ្ណត្តិទី៥ ថាមាន សន្ទុះខ្លាំងក្លាជាងមុន តាមរយៈការដកមន្រ្តីខិលខូច និងការអភិវឌ្ឍន៍តាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។ ការលើកឡើងរបស់ កញ្ញា ធី សុវណ្ណថា បែបនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ប្រជាពលរដ្ឋ១០៥០នាក់ រស់នៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និង លោក សម រង្ស៊ី កំពុងតែប្រព្រឹត្តខុស និងមិនសមជាថ្នាក់ ដឹកនាំ និងជាទីទុកចិត្តដល់ប្រជាពលរដ្ឋទៀតហើយ។ សកម្មភាពថ្នាក់ដឹកនាំគណបក្សប្រឆាំងទាំងពីររូបនេះ បានធ្វើឲ្យប្រជាបលរដ្ឋអស់ជំនឿចិត្តយ៉ាងខ្លាំង។
អតីតសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ ដែលតែងរិះគន់មិនសំចៃមាត់លើរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា «ពេលនេះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានធ្វើខុសយើងរិះគន់ តែបើថ្ងៃអនាគត គណបក្សនេះធ្វើល្អ យើងបន្តគាំទ្រ ធ្វើខុសថាខុស ធ្វើត្រូវថាត្រូវ ដូចឥឡូវនេះ យើងឃើញថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់អាណ្ណត្តិទី៥នេះ មានសន្ទុះល្អ ឃើញកំពុងតែដកមន្រ្តីខិលខូចចេញ ហើយនឹងការអភិវឌ្ឍន៍តាមបណ្តាខេត្តក៏ល្អប្រសើរជាងមុន»។
គួរបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា អតីតសកម្មជនគាំទ្រគណបក្សសង្រ្គោះជាតិ បានរៀបចំវេទិកាសាធារណៈ សំណេះសំណោល ជាមួយប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តជាបន្តបន្ទាប់។កន្លងមក កញ្ញា ធី សុវណ្ណថា អះអាងថា វេទិកាសាធារណៈ សំណេះសំណោល ជាមួយប្រជាពលរដ្ឋ គឺកញ្ញាធ្វើ ឡើង ដើម្បីឲ្យប្រជាពលរដ្ឋបានបញ្ចេញមតិ ទាំងរិះគន់ផង និង សរសើរផង៕