(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសួរសុខទុក្ខអ្នករងគ្រោះដោយសារសត្វក្របីវ័ធ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងឱកាសនោះ អភិបាលក្រុងប៉ោយប៉ែត មានការសោកស្តាយយ៉ាងខ្លាំង និងសូមអំពាវនាវដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈទាំងអស់ មេត្តាទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានត្រឹមត្រូវ មិនត្រូវលែងយ៉ាងអនាធិបតេយ្យតាមទីសាធារណៈបង្កការរំខាន និងបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃដូចករណីនេះយ៉ាងដូច្នេះឡើយ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា រដ្ឋបាលក្រុងប៉ោយប៉ែត នឹងមានវិធានការយកសត្វដែលដើរយ៉ាងអនាធិបតេយ្យទាំងនោះមករក្សាទុក ហើយដាក់ទោសម្ចាស់ទៅតាមច្បាប់ដោយមិនលើកលែងឡើយ។

សូមបញ្ជាក់ថា មានប្រជាពលរដ្ឋចំនួន៦នាក់ បានរងរបួស ក្រោយត្រូវបានក្របីឡើងកដេញវ័ធនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣៕