(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ យុទ្ធនាការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនប្រជាពលរដ្ឋសម្រេចបាន៥៤ភាគរយ ស្មើចំនួនមនុស្សជាង៩២ម៉ឺននាក់។
នេះបើតាមរាយការណ៍ដែលលោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ កំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនប្រជាពលរដ្ឋដែលអស់សុពលភាពបានប្រើប្រាស់។
លោកសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា បានអះអាងថា ចំពោះការផ្តល់ជូនអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សម្រេចបានចំនួន៩២៩,៨១៦ស្មើ៥៤% លើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពលភាព ក្នុងឆ្នាំ២០២២ និងត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួនសរុប១,៧២៧,០៩៤នាក់ ហើយចំនួនដែលនៅបន្តផ្តល់ជូនមាន៧៩៧,២៧៩នាក់។
បើតាមលោកសន្ដិបណ្ឌិតរដ្ឋលេខាធិការ, ចំពោះករណីសេសសល់មិនទាន់បានផ្តល់ជូននេះ គឺដោយសារក្រុមការងារ កំពុងមានបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា មានប្រជាជនមួយចំនួនបានធ្វើចំណាក់ស្រុកពីខេត្តមួយ ទៅខេត្តមួយ ឬចំណាក់ស្រុកទៅក្រៅប្រទេស មិនអាចត្រលប់មកបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរទុតិយតាបាន។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។
គួរជម្រាបថា ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ឆ្នាំ១៩៩០ និងដើមទស្សវរ៍ឆ្នាំ២០០០ កម្ពុជា បានចាប់ផ្តើមផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ដែលជាអត្តសញ្ញាណប័ណ្ណដែលផលិតតាមនិយាមធម្មតា ជាក្រដាស និងផ្លាស្ទិច ចំនួន៣លើក ដោយមិនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននោះទេ។ ប៉ុន្តែមកដល់ឆ្នាំ២០១១ ក៏បានប្រែក្លាយប្រភេទអត្តសញ្ញាណប័ណ្ណអេឡិកត្រូនិច ដោយប្រើបច្ចេកវិទ្យាជីវមាត្រចាប់យកខ្ចៅដៃទាំង១០ អាចទប់ស្កាត់និន្ន័យស្ទួន (ការធ្វើ២ដង)។
ការផ្តល់អត្តសញ្ញាណប័ណ្ណអេឡិកត្រូនិចនេះ បានចាប់ផ្តើមអនុវត្តជាផ្លូវការពីឆ្នាំ២០១២ ដែលគិតរហូតមកដល់បច្ចុប្បន្ននេះ ការផលិតផ្តល់ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៥ឆ្នាំឡើង បានប្រមាណ១២លានសន្លឹក ដែលមានសុពលភាពរយៈពេល១០ឆ្នាំ៕