(ពោធិ៍សាត់)៖ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រោមកិច្ចខិតខំរក្សាព្រៃឈើរបស់រដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសឱ្យកម្ពុជា ទទួលបានចំណូលពីព្រៃឈើ ខណៈតំបន់ការពារ ធនធានធម្មជាតិចំនួន៣បន្ថែមទៀត នឹងត្រូវលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត នៅឆ្នាំ២០២៤។

បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានមន្ទីរបិស្ថានខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ លោក ជួប ប៉ារីស៍ បានឱ្យដឹងថា តំបន់ការពារធនធានធម្មជាតិទាំង៣កន្លែងនេះរួមមានទី១៖ ភ្នំសំកុស, ទី២៖ តំបន់នភៅផ្នែកខាងជើងបឹងទន្លេសាប ខេត្តព្រះវិហារ និងទី៣៖ តំបន់ជួរភ្នំក្រវាញ់កណ្តាល។

លោក ជួប ប៉ារីស៍ បានលើកឡើងថា ក្រសួងបរិស្ថានរយៈពេល១០ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ព្រៃឈើជាច្រើន ៧.២លានហិកតា ត្រូវដាក់ជាតំបន់ការពារ ហើយកម្ពុជា បានដល់ដំណាកកាលមួយទៀត គឺរបត់សំខាន់មួយយើងការពារព្រៃឈើ រក្សាព្រៃឈើឈរ ហើយបានប្រាក់ចំណូល ពីដើមទាល់តែយើងកាប់ឈើទើបបានលុយ អីឡូវយើងរក្សាព្រៃឈើឈរទទួលប្រាក់ចំណូល តាមរយៈការលក់ឥណទានកាបូន។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «យើងបានកម្រោងរេដបូក កែវសីមាលើកទី១ ជារបថសំខាន់ណាស់ចាប់ពីឆ្នាំ២០១៦មក ហើយយើងលក់កាបូនដំបូង គម្រោងទី២ តំបន់ជួរភ្នំក្រវាញ់ខាងត្បូង ដែលយើងបានលក់ឥណទានកាបូន តាំងពីឆ្នាំ២០១៩ អ៊ឹចឹងនេះជារបត់ថ្មីដែលយើងរក្សាឈើឈរបានចំណូល ហើយយើងបានពង្រីកបន្តទៀត នៅឆ្នាំក្រោយយើងនឹងមានគម្រោង៣ទៀត ទី១៖ គម្រោងនៅភ្នំសំកុស, ទី២៖ នៅផ្នែកខាងជើងបឹងទន្លេសាប ខេត្តព្រះវិហារ និងទី៣៖ នៅជួរភ្នំក្រវាញ់កណ្តាល»

លោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការនឹងខិតខំធ្វើយ៉ាងណាប្រើប្រាស់មុខងារព្រៃឈើ ដើម្បីទាក់ទាញប្រាក់ចំណូល។

លោកបានថ្លែងថា ក្រោយពេលដែលកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ បានធ្វើឱ្យមានឱកាស និងមានលទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ ដែលធ្វើឱ្យកម្ពុជា បានផ្លាស់ប្តូរនូវបរិបថថ្មី គឺពីការកាប់ឈើដើម្បីលុយ ក៏ប៉ុន្តែ ប្រែមករក្សាឈើ ដើម្បីរកចំណូលថាឥណទានកាបូន និងតាមរយៈទេសចរណ៍ផ្សាភ្ជាប់ទឹកដី។

គួរឱ្យដឹងថា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា កម្ពុជា មានមហិច្ចតា បានគោលដៅដើម្បីពង្រីកផ្ទៃដីលក់ឥណទានកាបូន ឱ្យបានជាង ២លានហិកតា ខណៈបច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីជាង ១.៤លានហិកតា ត្រូវបានលក់ឥណទានកាបូនលើទីផ្សារស្ម័គ្រចិត្ត។ សម្រាប់តំបន់ដែលកំពុងអនុវត្តន៍លក់ទីផ្សារឥណទានកាបូនរួមមាន៖ នៅដែនជម្រកសត្វព្រៃកែវសីមា, នៅតំបន់ជួរភ្នំក្រវាញ ខេត្តកោះកុង នៅក្នុខេត្តពោធិ៍សាត់។

រហូតមកបច្ចុប្បន្ននេះ កម្ពុជា បានលក់ឥណទានកាបូនទៅឱ្យក្រុមហ៊ុនអន្តរជាតិធំៗ ដែលមានតួនាទី ភារកិច្ចក្នុងការទទួលខុសត្រូវផ្នែកបរិស្ថាន ហើយថវិកាដែលទទួលបានពីការលក់ឥណទានកាបូន គឺបានប្រើប្រាស់ទៅលើការពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងប្រើប្រាស់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋាន។

ចំណូលនៃការលក់ឥណទានកាបូន នឹងត្រូវបានចាក់ចូលទៅសហគមន៍មូលដ្ឋាននានា នៅជុំវិញដែលជម្រកសត្វព្រៃទូទាំងប្រទេស ដើម្បីចូលរួមការពារ និងអភិរក្សធនធានជាតិ និងសត្វព្រៃ ជាពិសេសបានចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់របរចាស់ចូលព្រៃកាប់ឈើ បរបាញ់សត្វជាដើម។

ចាប់ពីឆ្នាំ២០១៦កន្លងមក ក្រសួងបរិស្ថាន បានរៀបចំ និងកំពុងអនុវត្តគម្រោងរេដបូកចំនួន៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង៣ ខាងលើនេះ កន្លងមកបានទទួលថវិកាពីការលក់ឥណទានកាបូន ចំនួនប្រមាណ ១១,៦លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍មូលដ្ឋាន៕