(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានប​ញ្ជាក់ថា ច្បាប់ស្តីពីសារពើពន្ធ មិនមានប្រភេទពន្ធលើថ្លៃការសិក្សានោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ នេះបើតាមសេចក្តីបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌​មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

សេចក្ដីបំភ្លឺបានបញ្ជាក់ថា នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារ បានសង្កេតឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម Facebook ថា សាលាខ្មែរ-ចិនអរសប្បាយសិក្សា (JOY SCHOOL) តម្រូវឲ្យអាណាព្យាបាលសិស្សបង់ពន្ធលើថ្លៃការសិក្សា ដោយក្នុងលិខិតជូនដំណឹងរបស់សាលា បានបញ្ជាក់ថា សាលាខ្មែរ-ចិន អរសប្បាយសិក្សា មានកិត្តិយស សូមជម្រាបជូនដំណឹងដល់មាតាបិតា ឬអាណាព្យាបាលសិស្សទាំងអស់ ឲ្យបានជ្រាបថា៖ តាមលក្ខខណ្ឌរបស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ សិស្សានុ-សិស្សទាំងអស់ ត្រូវបង់ពន្ធលើថ្លៃការសិក្សា ២០%ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំៗ ហើយសាលាបានបង់ពន្ធលើថ្លៃការសិក្សា ជំនួសមាតាបិតា ឬអាណាព្យាបាលសិស្សានុសិស្សអស់រយៈពេល ៣ ឆ្នាំ។

ចាប់ពីឆ្នាំនេះទៅ សាលាជួយបង់ពន្ធលើថ្លៃការសិក្សាជូនរដ្ឋតែ ១០%ប៉ុណ្ណោះ រីឯនៅសល់ថ្លៃលើការសិក្សា ១០% ទៀត សូមមាតាបិតាឬអាណាព្យាបាលសិស្សត្រូវទទួលខុសត្រូវ ជួយបង់ពន្ធលើថ្លៃការសិក្សានេះ។ ដោយគិតគូរពីស្ថានភាពសេដ្ឋកិច្ចរបស់សង្គមបន្ទាប់ពីការរីករាលដាលនៃជំងឺរាតត្បាត ថ្លៃសិក្សានឹងមិនត្រូវបានដំឡើងនៅឆ្នាំនេះទេ។

អគ្គនាយកដ្ឋានពន្ធដារសូមធ្វើការបញ្ជាក់ជូនថា អនុលោមតាមច្បាប់ស្តីពីសារពើពន្ធ ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥២៣/០០៤ ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ គឺមិនមាន ប្រភេទពន្ធលើថ្លៃការសិក្សា នោះទេ។ ដោយឡែក ពន្ធលើប្រាក់ចំណូល តាមអត្រា២០% គឺជាបន្ទុករបស់គ្រឹះស្ថានសិក្សាផ្ទាល់ មិនមែនជាបន្ទុករបស់អាណាព្យាបាលសិស្សានុសិស្សឡើយ។ ដូច្នេះមិនមានការតម្រូវ ឲ្យអាណាព្យាបាលសិស្សានុសិស្សបង់ពន្ធលើថ្លៃការសិក្សា ២០% ជូនរាជរដ្ឋាភិបាលក្នុងមួយឆ្នាំ តាមការលើកឡើងរបស់ សាលាខ្មែរ-ចិនអរសប្បាយសិក្សា នោះទេ។

ទន្ទឹមនឹងនេះ សូមជម្រាបជូនដល់សាធារណជន ជាពិសេសអាណាព្យាបាលសិស្សានុសិស្ស ឲ្យបានជ្រាបផងដែរថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ទុកជាវិស័យអប់រំជាវិស័យអាទិភាព និងបានផ្តល់ការអនុគ្រោះលើកទឹកចិត្ត ផ្នែកពន្ធដារដល់វិស័យនេះ ជារៀងរហូតមក ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់រយៈពេល ៥ឆ្នាំម្ដងៗ រហូតមកដល់បច្ចុប្បន្ន។

ថ្មីៗនេះ តាមរយៈលិខិតលេខ ២៥២ សជណ.អវ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្តី្ររាជរដ្ឋាភិបាល បានបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារដល់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឲ្យរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់ទុកលើសេវាកម្ម ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់ដំណាច់ឆ្នាំ២០២៨ ប៉ុន្តែគ្រឹះស្ថានសិក្សាត្រូវបង់ពន្ធលើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំង ពន្ធអចលនទ្រព្យ និងប៉ាតង់។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយស្ថាប័នអប់រំ និងស្ថាប័នពាក់ព័ន្ធនានា ធ្វើការពិនិត្យលើគ្រឹះស្ថានទាំងឡាយណា ដែលអនុវត្តមិនត្រឹមត្រូវស្របតាមគោលការណ៍ លើកទឹកចិត្តពន្ធដារ របស់រាជរដ្ឋាភិបាលដល់វិស័យអប់រំ ហើយក្នុងករណីរកឃើញថាស្ថាប័នអប់រំណាមួយប្រព្រឹត្តល្មើស នឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ និងលិខិតបទប្បដ្ឋានគតិយុត្តជាធរមាន។ រាល់ចម្ងល់នានាពាក់ព័ន្ធនឹងពន្ធដារ សូមធ្វើការទាក់ទងមកលេខ ១២៧៧ ដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ឬអង្គភាពពន្ធដារដែលសហគ្រាស ស្ថិតក្រោមការគ្រប់គ្រង៕