(ភ្នំពេញ)៖ ក្នុងជំនួបជាមួយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅព្រឹកថ្ងៃ ២២ ខែកក្ដដា ឆ្នាំ២០១៦នេះ លោក RUZAIMI MOHAMAD អគ្គកុងស៊ុលនៃស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានបង្ហាញពីគម្រោងបង្កើតរោងចក្រ កែច្នៃអង្ករបន្ថែមនៅកម្ពុជា ។
លោក RUZAIMI MOHAMAD អគ្គកុងស៊ុលនៃស្ថានទូតម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា បានប្រាប់ឲ្យដឹងថា ដោយមើលឃើញថានៅប្រទេសកម្ពុជា ការនាំចេញនៅមានកំរិត បណ្តាក្រុមហ៊ុនរបស់ម៉ាឡេស៊ី ចង់បង្កើត រោងចក្រកែច្នៃអង្ករនៅកម្ពុជាឲ្យបានច្រើន ដើម្បីបំពេញសក្ដានុពល នៅការនាំចេញស្រូវអង្ករ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានសម្តែងការគាំទ្រចំពោះបំណង់ចង់បង្កើតរោងចក្រកែច្នៃអង្គរនៅកម្ពុជារបស់ម៉ាឡេស៊ីនៅពេលនេះ។ លោកក៏បានជំរុញឲ្យស្វែងរកមើលលទ្ធភាព ក្នុងខេត្តដែលមានសក្ដានុពលខាងដំណាំស្រូវ និងខេត្តជាច្រើនទៀតនៅប្រទេសកម្ពុជា ដើម្បីទទួលយកទិញស្រូវពីប្រជាពលរដ្ឋយកមកកែច្នៃផងដែរ។
លោករដ្ឋមន្ត្រីបន្តថា «ក្រុមហ៊ុនដែលមានបំណងបង្កើតរោងចក្រកែច្នៃអង្ករនៅកម្ពុជា គួរតែចុះបព្ជីាពាណិជ្ជកម្មឲ្យបានត្រឹមត្រូវ មុននឹងដំណើរការប្រើប្រាស់»៕