(ក្រចេះ)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ សហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៣ និងពិធីបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅសាលមហោស្រព្វខេត្តក្រចេះ។
លោក ចាន់ សុគន្ធ ប្រធានមន្ទីរសង្គមកិច្ចខេត្ត បានរាយការណ៍ថា គិតត្រឹមខែឧសភា ឆ្នាំ២០២៣នេះ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលកំពុងទទួលរបបប្រចាំខែពីមន្ទីរសង្គមកិច្ចខេត្ត សរុបចំនួន ១,៦១៤នាក់ ក្នុងនោះ ជនពិការ ចំនួន ១៧៦នាក់, គ្រួសារពលី ចំនួន ៤៣៥នាក់, គ្រួសារមរណៈចំនួន ១៨៨នាក់, និវត្តជន ចំនួន ៧៥៩នាក់ (នគរបាល៤៤៣នាក់), បាត់បង់សមត្ថភាព ចំនួន ៥៦នាក់ ដោយចំណាយថវិកាចំនួន ៩៩៥,៦២៦,៩២៧៛ ស្មើនឹង ២៤៨,៩០៦.៧៣ដុល្លារ។
លោកបន្តថា បច្ចុប្បន្នភាពទូទាំងខេត្តក្រចេះ រកឃើញគ្រួសារទីទ័លលំបាកចំនួន៩៦គ្រួសារ ក្រីក្រចំនួន ២៩៧គ្រួសារ មានដី គ្មានផ្ទះចំនួន ៦៥គ្រួសារ អត់ដីអត់ផ្ទះចំនួន ៤០គ្រួសារ និងរស់លើដីសាធារណៈចំនួន ២១គ្រួសារ។
លោកបន្តថា សមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានផ្ទះស្នាក់នៅមិនសមរម្យ និងបានប្រគល់ជូនសមាជិកអតីតយុទ្ធជនចំនួន ៤០គ្រួសារ ដែលមានចំនួន ៤០ខ្នង ដោយបានចំណាយថវិកាអស់ ចំនួន ១៦០,០០០,០០០រៀល ជាថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោក ភឹម ភីរ៉ា អភិបាលខេត្តស្តីទី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៦.៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៥៣.៦១០នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ គិតចាប់ពីខែមករា ឆ្នាំ២០២៣តទៅ រាជរដ្ឋាភិបាល បានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការ ទាបជាងឬស្មើ ៦៩ម៉ឺនរៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៧៧ម៉ឺនរៀលក្នុងមួយខែ។
ក្នុងនោះប្រាក់វិភាជន៍គ្រួសារ ប្រាក់បំណាច់គ្រួសារ និងកូនប្រចាំខែ របស់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន បានកំពុងអនុវត្តដូចប្រាក់វិភាជន៍គ្រួសារប្រចាំខែរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេង ក្នុងឱកាសខួបលើកទី១៦ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ លោកអភិបាលខេត្តស្តីទី ស្នើបងប្អូនអតីតយុទ្ធជនកម្ពុជា បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្ដីថ្លៃថ្នូរជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ បន្តគាំទ្រគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ដើម្បីទទួលបានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ និងជីវភាពធូធា និងសូមបន្តចូលរួមចាក់វ៉ាកើសាំងការពារជម្ងឺកូវីដ ឲ្យបានគ្រប់ដូសនិងគ្រប់គ្នា។
ក្នុងឱកាសនោះ សមាគមអតីតយុទ្ឋជនកម្ពុជាខេត្ត សហកាជាមួយមន្ទីរសង្គមកិច្ចខេត្ត បានឧបត្ថមថវិកាដល់បងប្អូនអតីតយុទ្ធជនចំនួន៣០០នាក់ ក្នុង១នាក់៥០០០០រៀលផងដែរ៕