(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀនមួយគ្រួសារ បានសម្រេចផ្តួលស្លាក​គណ​បក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ព្រោះតែអស់និស្ស័យ និងអស់ជំនឿលើ​បក្ស។

អតីតសកម្មជនបក្សភ្លើងទៀន ដែលបានផ្តួលស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ រស់នៅភូមិម្លប់តាសេក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

លោក​ ណៃ​ ស៉ីណា​ អាយុ ៤៨ឆ្នាំ​ និងភរិយាឈ្មោះ ពេជ្រ​ ណេត​ អាយុ ៤៧ឆ្នាំ​ មានកូន​ចំនួន៣នាក់​ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន​ ដ៏សកម្មនៅក្នុងភូមិ។ លោក ណៃ ស៊ីណា និងភរិយា តែងចុះធ្វើសកម្មភាពឥតរួញរា និងលះបង់អស់កម្លាំង​កាយ​ចិត្ត ដើម្បីបក្សភ្លើងទៀន ហើយក៏បានលើកស្លាកបក្សនៅមុខផ្ទះផងដែរ។

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ណៃ ស៊ីណា និងភរិយា ព្រមទាំងកូនៗ បានរួមគ្នាផ្តួលស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះរបស់ខ្លួន។

លោក ណៃ ស៊ីណា បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើន​នៅក្នុង​ភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូ​ជា​មួយ​បក្ស​ទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕