(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀនមួយគ្រួសារ បានសម្រេចផ្តួលស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួន ព្រោះតែអស់និស្ស័យ និងអស់ជំនឿលើបក្ស។
អតីតសកម្មជនបក្សភ្លើងទៀន ដែលបានផ្តួលស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ រស់នៅភូមិម្លប់តាសេក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក ណៃ ស៉ីណា អាយុ ៤៨ឆ្នាំ និងភរិយាឈ្មោះ ពេជ្រ ណេត អាយុ ៤៧ឆ្នាំ មានកូនចំនួន៣នាក់ ជាអតីតសកម្មជនគណបក្សភ្លេីងទៀន ដ៏សកម្មនៅក្នុងភូមិ។ លោក ណៃ ស៊ីណា និងភរិយា តែងចុះធ្វើសកម្មភាពឥតរួញរា និងលះបង់អស់កម្លាំងកាយចិត្ត ដើម្បីបក្សភ្លើងទៀន ហើយក៏បានលើកស្លាកបក្សនៅមុខផ្ទះផងដែរ។
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ណៃ ស៊ីណា និងភរិយា ព្រមទាំងកូនៗ បានរួមគ្នាផ្តួលស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះរបស់ខ្លួន។
លោក ណៃ ស៊ីណា បានអះអាងថា លោកបានចូលរួមធ្វើសកម្មភាពជាច្រើននៅក្នុងភូមិ ដើម្បីជួយដល់បក្ស។ ប៉ុន្តែពេលនេះ លោកបានអស់ជំនឿចិត្ត អស់កម្លាំងចិត្តតស៊ូជាមួយបក្សទៀតហើយ ព្រោះបក្សមានភាពកម្សោយក្នុងការដឹកនាំ បក្សពួកនិយម ពុករលួយ ជាពិសេសមិនបានធ្វើអ្វីឱ្យចម្រើនដល់ជាតិ និងប្រជាជននោះឡើយ៕