(កំពង់ស្ពឺ)៖ នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការអាន ការស្តាប់ឮ ការមើលឃើញនឹងភ្នែក រួមផ្សំការអនុវត្តដោយផ្ទាល់ នាំដល់ការចងចាំចាំពេញមួយជីវិត។
ការថ្លែងបែបនេះ ក្នុងឱកាសសំណេះសំណាលបើកសិក្ខាសាលាស្តីពីទីពិសោធន៍ចល័ត ការអនុវត្តពិសោធតាមខ្លឹមសារមេរៀនគីមីវិទ្យានៅកម្រិតមធ្យមសិក្សាទុតិយភូមិជូនដល់សិស្សានុសិស្សផ្នែកវិទ្យាសាស្រ្តនៃវិទ្យាល័យ ហ៊ុន សែន ចំបក់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន៧០នាក់។
ក្នងឱកាសនោះ លោកស្រីបណ្ឌិតសឿ សុជាតា បានថ្លែងថា ការលើកកម្ពស់ប្រសិទ្ធភាពទីពិសោធន៍គីមីវិទ្យាសម្រាប់កម្រិតមធ្យមសិក្សាគីមី និងជីវិតមនុស្សសត្វ គឺជាកត្តាចាំបាច់ក្នុងដំណើរអភិវឌ្ឍខ្លួនក្លាយពលរដ្ឋសកម្ម ពលរដ្ឋល្អរបស់ជាតិ និងពលរដ្ឋសកលដែលយើងទាំងអស់គ្នា ត្រូវដឹង ត្រូវយល់ ត្រូវអនុវត្ត និងត្រូវជួយអប់រំផ្សព្វផ្សាយដល់មនុស្សជាទីស្រឡាញ់ជុំវិញខ្លួនយើង «ការអាន ការស្តាប់ឮ ការមើលឃើញនឹងភ្នែក រួមផ្សំការអនុវត្តដោយផ្ទាល់ នាំដល់ការចងចាំចាំពេញមួយជីវិត»។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី នាឱកាសនោះដែរ លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងអំណរគុណសមាគមគីមីវិទ្យា ដែលជានិច្ចកាលតែជួយគាំទ្រគ្រូបង្រៀនមុខវិជ្ជាគីមីវិទ្យា នៅតាមសាលាគោលដៅជាច្រើន ក្នុងគោលបំណងជួយពង្រឹងគុណវុឌ្ឍិក្នុងវិជ្ជាជីវ:គ្រូបង្រៀន និងបានចុះជួយគាំទ្រដល់ដំណើរការអនុវត្តពិសោធគីមីវិទ្យា ជូនដល់សិស្សានុសិស្ស ដើម្បីបង្កើនគុណភាពបំណិនសម្បទា ដើម្បីទទួលបានជោគជ័យក្នុងការសិក្សាក៏ដូចជាជួយខ្លួនឯង គ្រួសារ និងសហគមន៍ ចៀសផុតពីគ្រោះភ័យបង្កដោយសាធារធាតុគីមីក្នុងធម្មជាតិ និងវិទ្យាសាស្រ្តកែច្នៃនានា។
ជាមួយគ្នានេះ លោកស្រីបណ្ឌិត សឿ សុជាតា បានថ្លែងសំណូមពរដល់គណ:គ្រប់គ្រងវិទ្យាល័យ បង្កើនការយកចិត្តទុកដាក់លើការគ្រប់គ្រងទីពិសោធន៍តាមគ្រឹះស្ថានសិក្សា ដើម្បីផ្តល់ឱកាស និងសិទ្ធិពេញលេញជូន សិស្សានុសិស្ស មានលទ្ធភាពបង្កើតនិងបង្កើនចំណេះសម្បទានិងបំណិនសម្បទាឆ្លើយតបទៅគោលនយោបាយជាតិអប់រំ និងអរគុណដល់សមាគមគីមីកម្ពុជា ចំពោះការផ្តល់ជូនដល់វិទ្យាល័យនូវសម្ភារ: និងឧបទ្ទេសសម្រាប់ការពិសោធជូនដល់សិស្សផងដែរ៕