(ពោធិ៍សាត់)៖ ក្រសួងបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីបញ្ជ្រាបចំណេះដឹងស្តីពី «ការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា» ជាមួយអ្នកសារព័ត៌មានក្នុងស្រុក រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តពោធិ៍សាត់។

វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងក្រោមវត្តមានលោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសំណាក់មន្ត្រីជំនាញក្រសួងបរិស្ថាន តំណាងអង្គការដៃអភិរក្ស និងអ្នកសារព័ត៌មានជាតិប្រមាណ ២០នាក់។

តាមរយៈកម្មវិធីនេះ អ្នកសារព័ត៌មានបានសិក្សាស្វែងយល់កាន់តែច្បាស់ពីឥណទានកាបូន និងកម្មវិធីរេដបូក, ការអភិវឌ្ឍជីវភាពក្នុងតំបន់ការពារសហគមន៍, ឥទ្ធិពលនៃការអេកូទេសចរណ៍ទាំងវប្បធម៌ និងការអភិវឌ្ឍសង្គម ជាដើម។

បើតាមលោក ខ្វៃ អាទិត្យា បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីរៀបចំឱ្យចេញនូវសកម្មភាពជាយុទ្ធសាស្ត្រស្តីពីការអនុវត្តការងារជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដើម្បីបង្កើនការរយល់ដឹងដល់អ្នកសារព័ត៌មាន និងសាធារណជនឱ្យកាន់តែច្បាស់ពីសកម្មភាព និងបេសកកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលនយោបាយ ដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យនៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

អនុរដ្ឋលេខាធិការបានបន្តថា ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអនុញ្ញាតទទួលជួបអ្នកសារព័ត៌មាន១ឆ្នាំម្ដង នាថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំ គម្រោងយុទ្ធនាការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានក្នុងស្រុកទាក់ទងនឹងវិស័យបរិស្ថាននឹងចូលរួមចំណែកបន្ថែមទៀត ធ្វើឱ្យអ្នកសារព័ត៌មាន មានទំនាក់ទំនង និងភាពជាដៃគូសន្ទនាដ៏ល្អជាមួយរាជរដ្ឋាភិបាល ជាពិសេសក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការអនុវត្តគម្រោងនេះ គឺមានការរំពឹងទុកយ៉ាងជាក់ច្បាស់ថា អ្នកសារព័ត៌មាននឹងបង្កើនការយល់ដឹងកាន់តែច្បាស់ និងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយពីបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់និរន្តរភាពជីវភាពរបស់ប្រជាពលរដ្ឋ ការពង្រឹងបាននូវសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលបានអនុវត្តកម្មវិធី និងយុទ្ធសាស្ត្រនានាដូចជា៖ កម្មវិធីរេដបូក គម្រោងឥណទានកាបូន និងការអភិវឌ្ឍជីវភាពសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។

ស្របទៅតាមគោលបំណងជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងបរិស្ថានជាសេនាធិការ ការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានពីចំណេះដឹងបរិស្ថាន ចូលរួមបង្កើនការផ្សព្វផ្សាយកាន់តែទូលំទូលាយអំពីយុទ្ធសាស្ត្រគោលដៅឆ្នាំ២០៥០ សម្រាប់ការបញ្ចេញឧស្ម័នស្មើសូន្យ៕