(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងប្រៃសនីយ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា រាល់ពេលសម្តេចទៅក្រៅប្រទេសម្តងៗ សម្តេចកម្រនឹងប្រើប្រាស់ internet ប្រទេសរបស់គេណាស់ សម្តេចតែងតែប្រើប្រាស់សេវាអ៉ីនធើណិតរបស់ក្រុមហ៊ុននៅក្នុងប្រទេសសម្រាប់នៅក្រៅប្រទេស។ ប៉ុន្តែពេលនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាអ៉ីនធើណិតពិបាកដំណើរការទៅវិញ។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ថ្ងៃក្រោយ យើងអាចធ្វើអញ្ចេះ ដូចកាលដែលយើងធ្វើពិធីនានា គឺកាលណាខ្ញុំចុះទៅខាងណា ស្នើឱ្យក្រសួងប្រៃសណីយ៍ គេដំឡើងទៅ ព្រោះទំនាក់ទំនងវាសំខាន់ណាស់សម្រាប់ខ្ញុំ កន្លងទៅនៅពេលដែលយើងជួបគ្នាកន្លែងណាៗ គឺក្រសួងប្រៃសណីយ៍ គេដំឡើងឱ្យ»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចពេលអត់អ៉ីនធើណិតប្រើប្រាស់ ប្រៀបដូចជាអត់បាយដូច្នោះដែរ៕