(កំពង់ស្ពឺ)៖ លោក ម៉េង ហេង ប្រធានអង្គការមាតាធម្មជាតិ បានអំពាវនាវដល់យុវជន និងប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងដែលយកធនធានធម្មជាតិ ធ្វើជាចំណាត់ខ្មាំងនយោបាយ គ្រាដែលប្រជាពលរដ្ឋនៅជុំវិញតំបន់ឧទ្យានជាតិគិរីរម្យ កំពុងទទួលផលពីសេវាកម្មទេសចរណ៍។
ជាយុវជនម្នាក់ដែលបានលះបង់ដើម្បីការពារធនធានធម្មជាតិ, លោក ម៉េង ហេង បានលើកឡើងថា កន្លងមកនេះមានយុវជនមួយក្រុមតូចដែលជ្រុលនិយមដោយបានប្រកាសថា ជាអ្នកស្រឡាញ់បរិស្ថាន គ្រាដែលក្រុមខ្លួនជាអ្នកស្រឡាញ់បរិស្ថាន បានប្រកាសធ្វើការជាមួយរាជរដ្ឋាភិបាលលើវិស័យបរិស្ថាន ដោយគោរពច្បាប់រដ្ឋ ប៉ុន្តែបែរជាត្រូវបានគេលាភពណ៌។
«ក្នុងនាមយើងជាយុវជន យើងមិនគួរណាធ្វើរូបភាពខុសច្បាប់ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ យើងបានឃើញជាក់ស្តែង គិរីរម្យឥឡូវមានការអភិវឌ្ឍខ្លាំង ពេលធ្វើដំណើរមកឃើញមនុស្សជាច្រើននាំគ្នាមកលេងកម្សាន្ត ដែលវាផ្ទុយពីការពិតដែលយុវជនមួយចំនួនតូចប្រកាសថាមានការបិទផ្លូវ មានការកាប់ឈើ»។ នេះជាការលើកឡើងរបស់ លោក ម៉េង ហេង។
ប្រធានអង្គការមាតាធម្មជាតិរូបនេះ បានបញ្ជាក់ថា ទង្វើបែបនេះរបស់ក្រុមយុវជនដែលដើរតាមការបណ្តុះបណ្តាលរបស់ជនបរទេស គឺអាឡិច ហើយចំណុចទាំងនេះបានធ្វើឱ្យបក្សប្រឆាំងឆ្លៀតឱកាសយករូបភាពទាំងនេះមកផ្សព្វផ្សាយបន្ត ដើម្បីកេងចំណេញនយោបាយ។
លោក ម៉េង ហេង បានបន្ថែមថា៖ «យុវជនប្រឆាំងតែងតែគិតថា នៅពេលដែលផ្តល់ដីសម្បទានឱ្យក្រុមហ៊ុនសម្រាប់ធ្វើការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ផ្សេងៗ គាត់គិតថាធ្វើឱ្យប៉ះពាល់ដល់ព្រៃឈើ ចំណុចនេះខ្ញុំសូមមិនគាំទ្រជាដាច់ខាត យើងលើកឧទាហរណ៍ប្រទេសជិតខាង សួរថាប្រទេសណាមួយដែលមិនកាប់ឈើ ប្រទេសណាមួយដែលមិនមានការអភិវឌ្ឍនៅក្នុងតំបន់ឧទ្យានជាតិ»។
លោក ម៉េង ហេង ក៏បានសួរត្រឡប់ទៅក្រុមយុវជនដែលមាននិន្នការប្រឆាំងរាល់ការអភិវឌ្ឍនានារបស់រដ្ឋាភិបាលថា ដែលមានមូលដ្ឋាននៅប្រទេសថៃផ្ទាល់ ដោយបានដើរនៅឧទ្យានជាតិរបស់ថៃ ជាហូរហែ ក៏ប៉ុន្តែ ហេតុអីមករារាំងមិនឱ្យក្រុមហ៊ុនផ្សេងមកអភិវឌ្ឍន៍វិស័យទេសចរណ៍។
«ប្រសិនបើយើងមានគំនិតជ្រុលបែបហ្នឹងតើក្រុមហ៊ុនណាដែលគេចូលមកក្នុងស្រុកខ្មែរ ក្រុមហ៊ុនណាចូលមកអភិវឌ្ឍន៍ បើយុវជនយើងផ្សព្វផ្សាយរូបភាពអាក្រក់ ខ្ញុំគិតថាយើងជាយុវជនមិនគួរណាមានគំនិតបែបហ្នឹង»។ នេះជាការយល់ឃើញរបស់លោក ម៉េង ហេង។
លោក ម៉េង ហេង បានឱ្យដឹងថា គិរីរម្យកាលមុនមានភ្ញៀវតិច ជាក់ស្តែងករណីបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរ វាមានតិចតួចបំផុតតែម្តង កន្លែងដែលក្រុមហ៊ុនអភិវឌ្ឍន៍ គឺគាត់គ្រាន់តែចង់រៀបចំសណ្តាប់ធ្នាប់ឱ្យបានល្អ។ លោកក៏សូមឱ្យក្រុមប្រឆាំងផ្គាប់មុខទៅសិក្សានៅតំបន់អាស៉ីអាគ្នេយ៍ ប្រទេសណាមួយដែលមិនកាប់ឈើ ខណៈប្រទេសខ្មែរជាប្រទេសដែលរិចរិលព្រៃឈើតិចជាងគេបំផុត ប៉ុន្តែ បែរជាយករូបភាពមួយចំនួនវ៉ៃប្រហាររាជរដ្ឋាភិបាល៕
សូមទស្សនាការលើកឡើងរបស់ប្រធានអង្គការមាតាធម្មជាតិ ដូចខាងក្រោម៖