(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឲ្យរួមគ្នា នៅតាមរោងចក្រនានា ទូទាំងប្រទេសកម្ពុជា ចូលរួមទប់ស្កាត់ កុំឲ្យមានបងតូចបងធំ និងជម្លោះ នៅតាមរោងចក្រ។

ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំសូមពីកម្មករ និងពីម្ចាស់រោងចក្រ សូមឲ្យរោងចក្រមួយ ក្លាយទៅជាសហគមន៍សុខសាន្ដមួយ [...] រោងចក្ររបស់យើង សូមកុំឲ្យមាន ការប្រើប្រាស់គ្រឿងញៀន កុំឲ្យមានបងតូចបងធំ កុំឲ្យមានជម្លោះ នៅក្នុងរោងចក្រ ត្រូវខិតខំធ្វើយ៉ាងម្ដេច ដើម្បីរួមចំណែកអនុវត្ដ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព»

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជាមានការរីករាយណាស់ ដោយសង្កេតឃើញថា នៅក្នុងក្របខណ្ឌរោងចក្រសហគ្រាស នៅទូទាំងប្រទេស គឺមិនមែនជាទីកន្លែងប្រើប្រាស់គ្រឿងញៀន។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹក មិនត្រូវធ្វេសប្រហែលនោះទេ សម្រាប់កម្មករ និងអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដែលមិនត្រូវឲ្យរោងចក្រ ក្លាយទៅជាទីកន្លែងប្រើប្រាស់ ឬចែកចាយគ្រឿងញៀននោះឡើយ។ លើសពីនោះទៀត សូមកុំឲ្យរោងចក្រ មានបងតូចបងធំ កាប់ចាក់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ដល់ម្ចាស់រោងចក្រទាំងអស់ សូមកុំឲ្យរោងចក្រ ក្លាយទៅជាទីលានជម្លោះ រវាងក្រុមមួយ និងក្រុមមួយ ឬរវាងកម្មករ ជាមួយនឹងថៅកែ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថៅកែរោងចក្រ ត្រូវយកចិត្ដទុកដាក់ ជាមួយនឹងសុខទុក្ខរបស់កម្មករ លើបញ្ហាទាក់ទងជាមួយនឹងសុខភាព និងការបណ្ដុះបណ្ដាលជាមួយកម្មករ ដែលកម្មករ ក៏ឆ្លើយតបត្រឡប់មកវិញ តាមរយៈការងារល្អ ដែលទទួលបានប្រាក់ចំណេញទាំងអស់គ្នា៕