(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលួចចូលមកកាប់រានទន្ទ្រានដីព្រៃអាកាស្យាអស់ជាច្រើនហិកតា និងបានសង់ខ្ទមអនាធិបតេយ្យ ចំនួន១៨ខ្ទម ស្ថិតនៅចំណុចអូរត្រាវ ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីឧទ្យានុរក្ស នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ សហការជាមួយមន្ត្រីឧទ្យានុរក្ស នៃឧទ្យានជាតិសមុទ្រព្រះសីហនុរាម បានចុះទៅធ្វើការអប់រំណែនាំ ឱ្យពួកគាត់ស្ម័គ្រចិត្តរុះរើដោយខ្លួនឯង។ រហូតមកដល់ពេលនេះ ក្រុមអនាធិបតេយ្យខាងលើ មិនត្រឹមតែមិនព្រមរុះរើតាមការណែនាំទេ ថែមីទាំងបន្តនាំគ្នីគ្នាមកសាងសង់ខ្ទម បន្ថែមជាបន្តបន្ទាប់។
នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចម្រុះចុះទៅធ្វើការរៀបចំសណ្តាប់ធ្នាប់ ដើម្បីយកទីតាំងខាងលើទុកជាទ្រព្យសម្បត្តិរដ្ឋវិញ។
ក្រោយពីបានស្តាប់នូវការពន្យល់អំពីទិដ្ឋភាពច្បាប់ពីក្រុមមន្ត្រីជំនាញ ក្រុមអនាធិបតេយ្យទាំងអស់ខាងលើ បានយល់ព្រមរុះរើ និងធ្វើកិច្ចសន្យាចាកចេញដោយសន្តិវិធី ដែលជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានសម្របសម្រួលផ្តល់មធ្យោបាយដឹកជញ្ជូនមនុស្ស និងសម្ភារចេញពីទីតាំងទៅកាន់មូលដ្ឋានដើមរៀងៗ ខ្លួនវិញផងដែរ។
សូមបញ្ជាក់ថា សកម្មភាពរបស់ក្រុមអនាធិបតេយ្យខាងលើនេះ គឺជាការឆ្លៀតឱកាសក្នុងពេលដែលអាជ្ញាធរកំពុងមានភាពមមាញឹកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងការរៀបចំដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ។
យោងតាមមាត្រា៦២ និងមាត្រា៥៦ ចំណុចទី៤ នៃ «ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ សកម្មភាពកាប់រានទន្ទ្រានដីព្រៃយកមកធ្វើជាកម្មសិទ្ធិនេះ គឺជាទង្វើខុសច្បាប់ ដែលត្រូវមានទោសដាក់ពន្ធនាគារពី៥ឆ្នាំ ដល់១០ឆ្នាំ និងទោសពិន័យជាប្រាក់ពី ១៥.០០០.០០០រៀល ដល់១៥០.០០០.០០០រៀល ហើយក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេដង រដ្ឋបាលខេត្តនឹងអនុវត្តវិធានការផ្លូវច្បាប់ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែងចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយណាដែលព្យាយាម៉កាប់ទន្ទ្រានដីរដ្ឋ ដោយនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឲ្យខានតែបាន»៕