(ភ្នំពេញ)៖ លោក អ៊ូ វីរៈ អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានសរសេរបង្ហោះក្នុង Facebook ផ្ទាល់ខ្លួនដោយបានសម្តែងនូវការរិះគន់ ចំពោះលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំង និងបានបង្ហាញសារ មិនគាំទ្រចំពោះការលើកឡើងរបស់ប្រមុខបក្សប្រឆាំង ដែលទាមទារឲ្យអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ ពីកម្ពុជា ទៅដល់ទីផ្សារអឺរ៉ុប។
លោក អ៊ូ វីរៈ ដែលមានបងប្រុស២នាក់ ជាតំណាងរាស្ត្រក្នុងគណបក្សសង្គ្រោះជាតិកូតា លោក កឹម សុខា ដែលម្នាក់ឈ្មោះ អ៊ូ ច័ន្ទឬទ្ធិ និងម្នាក់ទៀតឈ្មោះ អ៊ូ ច័ន្ទរ័ត្ន បានរៀបរាប់នៅលើ Facebook ថ្ងៃទី២០ ខែកក្កដា ដោយលោក អ៊ូ វីរៈ រិះគន់ថា ការលើកឡើងរបស់លោក សម រង្ស៊ី ចោទប្រកាន់គណបក្សកាន់អំណាច នៅពីខ្នងក្រោយការសម្លាប់លោក កែម ឡី ជារឿងខុសឆ្គង។
គណបក្សប្រឆាំងក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី [គ្មានលក្ខណៈប្រជាធិបតេយ្យ] ហើយត្រូវតែធ្វើការកែទម្រង់តាមប្រជាធិបតេយ្យ ពិតប្រាកដ ដោយមិនត្រូវបន្តដឹកនាំ តាមវប្បធម៌អត្តនោម័តនោះទេ។ លោក សម រង្ស៊ី ខ្វះភាពជាអ្នកដឹកនាំ ហេតុដូច្នេះហើយ ទើបកម្លាំងប្រឆាំងមិនអាចរួបរួមបាន។ លោកបានបន្តនិយាយថា សូម្បីខ្លួនលោកផ្ទាល់ក៏រងគ្រោះ ដោយសារការចោទលាបពណ៌ពីលោក សម រង្ស៊ី នេះដែរ នេះបើតាមការអះអាងរបស់លោក អ៊ូ វីរៈ នៅលើបណ្តាញសង្គម។
អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារូបនោះ ក៏បានរិះគន់ទៅលើលោក សម រង្ស៊ី ដែលបានទាមទារឲ្យអឺរ៉ុបបិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា, ដោយសរសេរថា៖ «ខ្ញុំមិនគាំទ្រការលើកឡើងនេះទេ»។
លោក អ៊ូ វីរៈ បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះនៅលើ Facebook ថា៖ «លោក កែម ឡី មិនធ្លាប់នៅជាមួយ CPP ឬ ក៏ CNRP នោះឡើយ។ ខ្ញុំសង្ឃឹមថាគ្រប់គ្នា នឹងឈប់អះអាងពីរឿង ដែលខុសនេះបន្តទៀត។ នេះជាក៏ជាអ្វីដែលលោក សម រង្ស៊ី ធ្លាប់បាននិយាយពីលោក កែម ឡី ដែរកាលពីមុន។ បក្សប្រឆាំង ក្រោមការដឹកនាំរបស់លោកត្រូវការនូវកំណែទម្រង់ដើម្បី ក្លាយខ្លួន គណបក្សនៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមិនមែនជាកន្លែងសម្រាប់ គោរពបុគ្គលរៀងៗខ្លួនឡើយ។ ហេតុដូច្នេះហើយទើបកម្លាំងប្រឆាំង មិនអាចរួបរួមបាន។ លោកខ្វះភាពជាអ្នកដឹកនាំ និងមានអារម្មណ៍ថា ងាយទទួលការ គំរាមពីបុគ្គលខ្លាំងៗ។ ចាំបានទេ លោកក៏ធ្លាប់ចោទលោក កឹម សុខា ដែលបច្ចុប្បន្នជាអនុប្រធានរបស់លោក ថាជាអ្នកដើរតាមការបង្គាប់របស់ CPP។ បញ្ឈប់ការចោទប្រកាន់ដោយ មិនហេតុផលនេះតទៀតទៅ។ ខ្ញុំក៏ធ្លាប់ជាជនរងគ្រោះក្នុងរឿងដូចគ្នានេះដែរ»។
សូមជំរាបថា ការលើកឡើងរបស់ លោក សម រង្ស៊ី ដែលបានស្នើឲ្យ EU បិទការនាំចេញសម្លៀកបំពាក់ពីកម្ពុជា ត្រូវបានក្រុមកម្មករសម្តែងការខឹងសម្បារ នឹងជំហរនយោបាយវាយបំបែកឆ្នាំងបាយជាតិ។ លោក សម រង្ស៊ី ដែលធ្វើនយោបាយ ប្រឆាំងផលប្រយោជន៍ជាតិជាង២០ឆ្នាំមកហើយនេះ ត្រូវកម្មករបញ្ចេញមតិនៅលើបណ្តាញសង្គមថា «បើគ្មានបក្សប្រឆាំង ឬបើរំលាយបក្សប្រឆាំងចោល នោះប្រទេសជាតិពិតជាបានសុខ»៕