(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ស ឡុងដេត កំពុងរត់គេចខ្លួន ហើយសម្តេចតេជោ បានហៅមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនឡើងតុលាការរឿងក្តីពាក់ព័ន្ធនឹងបញ្ហានិយាយពីព្រឹត្តិការណ៍ស៉ីហ្គេម។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ពេលបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ។
សម្តេចតេជោ បានបញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជា ស ឡុងដេត រត់ទៅដល់ថៃក៏សម្តេចស្នើសុំថៃ ឲ្យចាប់បញ្ជូនមកវិញដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវ សូមអំពាវនាវ ស ឡុងដេត សូមត្រលប់មកវិញ យប់មិញចាកចេញពីភ្នំពេញ ចាំបាច់រត់ធ្វើអី? បើគង់តែរត់ទៅ ខ្ញុំសុំឲ្យថៃចាប់បញ្ជូនមកវិញដែរ។ យប់មិញ ទៅដល់ថ្មដា ថៃគេអត់ឲ្យឆ្លងទេ ឥលូវកំពុងតែឆ្ពោះទៅចាំយាម។ ចៅហ្វាយខេត្តចាំយាម ដីកាតុលាការហាមចេញក្រៅប្រទេស បើចេញក្រៅប្រទេសចាប់ភ្លាម នៅនឹងទល់ដែន។ ឥលូវ ស ឡុងដេត បានលឺហើយ ត្រលប់មកវិញ។ ត្រលប់មកដេកផ្ទះឲ្យស្រួល ហើយទៅឆ្លើយជាមួយតុលាការទៅ អាបញ្ហាចោទប្រកាន់រឿងស៊ីហ្គេម។ គណៈកម្មការស៊ីហ្គេមគេប្តឹង ព្រោះចោទប្រកាន់គេវាធ្ងន់ពេក»។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងសារព្រមាន លោក ស ឡុងដេត និងបន្តប្រកាសថា សម្តេចមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់នោះឡើយ។
សារព្រមានរបស់សម្តេចតេជោ បានធ្វើឡងបន្ទាប់ពី លោក ស ឡុងដេត ក្នុងកិច្ចប្រជុំថ្មីៗនេះ ចង់បង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀន។ ជាមួយគ្នានេះ លោក ស ឡុងដេត ក៏បានរិះគន់លើការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។
«ហ្អែងកុំភ្លេចណា ទំនាក់ទំនងហ្អែង និងអាក្បត់ជាតិ ៣ជំនាន់នៅសល់។ ហ៊ុន សែន មិនអត់ឲ្យនរណាទាំងអស់ ដែលមានទំនាក់ទំនងជាមួយអាក្បត់ជាតិ ៣ជំនាន់ ហើយអ្នកណាក៏ដោយដែលផ្តាច់ខ្លួន ពីអាក្បត់ជាតិ ៣ជំនាន់ គឺ ហ៊ុន សែន លើកលែងទោសទាំងអស់»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ពេលអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញ Telegram គឺលោក ស ឡុងដេត បានប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោកនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បក្សប្រឆាំងត្រូវបានគេទុកផ្លូវឲ្យដើរច្រើនហើយ ប៉ុន្តែពួកគេតែងតែចង់បំផ្លាញបក្សកាន់អំណាច។ សម្តេចតេជោ បានចាត់ទុកថា ការចង់បំផ្លាញបក្សកាន់អំណាច ប្រៀបបីដូចជាបក្សប្រឆាំង កំពុងធ្វើការសម្លាប់ជីវិតនយោបាយដោយខ្លួនឯង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ក្រុមបក្សប្រឆាំងក្រៅប្រទេស កំពុងធ្វើយុទ្ធនាការមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ដោយសារបញ្ហានេះ សម្តេចបានស្នើឲ្យវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដែលអ្នកមិនចូលរួមបោះឆ្នោត មិនអាចឈរឈ្មោះឲ្យគេបោះឆ្នោតបាននោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ការណ៍ដែលជំរុញឱ្យសម្តេចធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត ព្រោះតែមេដឹកនាំក្រុមប្រឆាំង កំពុងផុសចលនា «WIFI» គឺរារាំងសមាជិកពួកគេមិនឲ្យចូលរួមបោះឆ្នោត៕