(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយនឹងកម្មករកម្មការិនី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញហើយនោះ សម្តេចត្រូវជួបជាមួយនឹងអន្ទិត សាន សុជា ដែលទើបនឹងលាចាកសិក្ខាបទ (សឹក) ហើយបានត្រឡប់ពីប្រទេសអូស្ត្រាលីមកកម្ពុជាវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថាទៀត លោកគ្រូ សាន សុជា បានត្រឡប់ពីប្រទេសអូស្ត្រាលី មកដល់ខេត្តសៀមរាប កាលពីថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៣ ហើយក៏បានទាក់ទងគ្នាជាមួយសម្តេច និងសម្រេចរើសយកម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែមិថុនានេះ ដើម្បីជួបគ្នានៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។
សម្តេតេជោ ហ៊ុន សែន បានថ្លែងទៀតថា «អន្ទិត សាន សុជា ជាអ្នកចេះធម៌ច្រើនគួរសម»។
សូមជម្រាបថា ភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅប្រទេសអូស្ត្រាលី បន្ទាប់ពីសាងផ្នួសអស់រយៈពេល ៣១ វស្សា។
លោកគ្រូ សាន សុជា កើននៅឆ្នាំ១៩៧៦ នៅភូមិទួលតាអុក ឃុំកំពង់យោល ស្រុកត្រាំកក់ ខេត្តតាកែវ៕