(ភ្នំពេញ)៖ ធនាគារ មេយប៊ែង បានចាប់ផ្តើមយុទ្ធនាការ «ដាក់ប្រាក់់សន្សំ ឈ្នះរង្វាន់ធំ» ដំបូងគេបង្អស់ក្នុងវិស័យធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជម្រុញឲ្យអតិថិជនរបស់ខ្លួន ដាក់ប្រាក់សន្សំរួមជាមួយនឹងឱកាស ឈ្នះរង្វាន់ជាអាផាតមិន ដែលមានបន្ទប់គេង ១ ចំនួន១ រង្វាន់។
ថ្លែងនៅក្នុងពិធីសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ នៅឯធនាគារមេយប៊ែង លោកស្រី ស៊ីនត្សៀ លីវ នាយិកាប្រតិបត្តិនៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានប្រាប់ឲ្យដឹងថា យុទ្ធនាការទីផ្សារថ្មីនេះ គឺជាកិច្ចសហការជាមួយនឹងក្រុមហ៊ុន JS LAND LIMITED ដែលជាក្រុមហ៊ុនឯកទេស ក្នុងការវិនិយោគអចលនទ្រព្យ របស់ប្រទេសម៉ាឡេស៊ី ដែលបានសាងសង់អាផាតមិន នៅដឺហ្គាដិនរេស៊ីដិនស៊ី មានទីតាំងស្ថិតនៅ ក្នុងរាជធានីភ្នំពេញ។
លោកស្រី ក៏បានបន្ថែមទៀតផងដែរថា យុទ្ធនាការ «ដាក់ប្រាក់សន្សំ ឈ្នះរង្វាន់ធំ របស់ធនាគារមេយប៊ែង» មានសុពលភាពរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ សម្រាប់អតិថិជនថ្មី និងចាស់ ដែលបានបើកគណនីសន្សំ ឬដាក់ប្រាក់សន្សំបន្ថែម ទៅក្នុងគណនីរបស់ពួកគេដែលមានស្រាប់ ជាមួយនឹងធនាគារ មេយប៊ែង។
លោកស្រី ស៊ីនត្សៀ លីវ បានពន្យល់ជាលំអិតថា ចំនួនសំបុត្រដែលអាចចូលរួមចាប់ឆ្នោតយករង្វាន់ នឹងត្រូវកំណត់ដោយផ្អែក លើសមតុល្យជាមធ្យមសម្រាប់ រយៈពេលប្រាំពីរ (៧) ខែ ដោយគិតចាប់ពី ខែ មិថុនា រហូតដល់ ខែ ធ្នូ ឆ្នាំ ២០១៦ ដែលសមតុល្យជាមធ្យម នៅក្នុងគណនីរបស់អតិថិជនត្រូវតែច្រើនជាង សមតុល្យជាមធ្យម ដែលពួកគេមានក្នុងខែ ឧសភា ឆ្នាំ ២០១៦។ រាល់ការកើនឡើងនៃប្រាក់សន្សំចំនួន ៥០០ ដុល្លារអាមេរិកនឹងទទួលបានសំបុត្រ ចូលរួមចាប់ឆ្នោតយករង្វាន់មួយសន្លឹក។
លោក Dato’ Jack Yap អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន JS LAND បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានសហការជាមួយនឹងធនាគារ មេយប៊ែង ក្នុងការផ្តល់ឱកាសឲ្យ ប្រជាជននៅក្នុងតំបន់មានឱកាសទទួលបាន គេហដ្ឋានដ៏ប្រណិតមួយនេះ។ យុទ្ធនាការទីផ្សារមួយនេះ នឹងជម្រុញឲ្យប្រជាជនកម្ពុជា ធ្វើការដាក់ប្រាក់សន្សំ របស់ពួកគេបន្ថែមទៀតនៅក្នុងធនាគារ ហើយមានឱកាស ក្នុងការក្លាយជាអ្នកឈ្នះរង្វាន់ធំ គឺអាផាតមិនដ៏ប្រណិត នៅដឺហ្គាដិនរេស៊ីដិនស៊ី ដែលមានតម្លៃ ជាទឹកប្រាក់ប្រហែល ៤២.០០០ ដុល្លារអាមេរិក។
លោក Dato’ Jack Yap បានបន្ថែមផងដែរថា ក្រុមហ៊ុនរបស់លោក នឹងផ្តល់ជូនឱកាសពិសេសបន្ថែមទៀត សម្រាប់អតិថិជនដែលបានប្រើប្រាស់កម្ចី ទិញផ្ទះរបស់ធនាគារ មេយប៊ែង ដើម្បីទិញ អាផាតមិន នៅដឺហ្គាដិនរេស៊ីដិនស៊ី ដែលស្ថិតនៅក្រោមគោលការណ៍ DIBS។ នៅក្រោមគោលការណ៍នេះ អតិថិជនរបស់ដឺហ្គាដិនរេស៊ីដិនស៊ី ទាំងអស់នឹងមិនតម្រូវឲ្យបង់កម្រៃការប្រាក់ ក្នុងកំឡុងពេលដែលដឺហ្គាដិនរេស៊ីដិនស៊ី មិនទាន់ប្រគល់អាផាតមិន ជូនអតិថិជននោះទេ។ ការទូទាត់កម្រៃការប្រាក់ នឹងត្រូវបានលើកលែងសម្រាប់គោលការណ៍មួយនេះ។ លោកបានបន្ថែមថា ដោយកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយធនាគារ មេយប៊ែង យើងបានជួយផ្តល់ភាពងាយស្រួល ដល់ប្រជាជនកម្ពុជាឲ្យមានឱកាស ក្លាយជាម្ចាស់គេហដ្ឋានផ្ទាល់ខ្លួន។
លោក Dato’ Jack Yap បានបន្ថែមថា គោលការណ៍ DIBS នេះ បានផ្តល់ឱកាសដល់អតិថិជន អាចក្លាយជាម្ចាស់គេហដ្ឋាន ដ៏ប្រណីតមានតម្លៃសមរម្យ ដែលមានទីតាំងក្នុងខណ្ឌសែនសុខ ដែលរួមមាន អាងទឹកចំនួន២ សួនច្បារជាន់លើចំនួន ២ សួនច្បារលើដំបូល ១ និងការរក្សាសុវត្ថិភាពពេញ ២៤ ម៉ោង។
លោកបានបន្តថា ទោះបីជាមានគម្រោង ជាច្រើនផ្សេងទៀត ដែលមានតម្លៃសមរម្យកំពុងតែអភិវឌ្ឍក៏ដោយ ដឺហ្គាដិនរេស៊ីដិនស៊ី នៅតែជាជម្រើសដ៏ល្អបំផុត ហើយមានតម្លៃសមរម្យជាងគេ ដែលអាចជួយសម្រួលដល់ប្រជាជន ក្នុងតំបន់ឲ្យក្លាយ ជាម្ចាស់កម្មសិទ្ធិនៃគេហដ្ឋាន នៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុន JS LAND បានខិតខំប្រឹង ប្រែងយ៉ាងខ្លាំង ក្នុងការធានាថាតម្លៃ នៃអចលនវត្ថុត្រូវមានតម្លៃសមរម្យ ដែលអាចទទួលយកបាន ពិសេសសម្រាប់យុវវ័យជំនាន់ក្រោយ ដែលមានបំណងចង់ក្លាយជា ម្ចាស់គេហដ្ឋាន។
លោកស្រី ស៊ីនត្សៀ លីវ បានបន្ថែមផងដែរថា សម្រាប់អតិថិជន ដែលបានទិញអាផាតមិន នៅដឺហ្គាដិនរេស៊ីដិនស៊ី តាមរយៈកម្ចីទិញផ្ទះពីធនាគារ មេយប៊ែង នឹងមានឱកាសចូលរួមក្នុងយុទ្ធនាការ ដាក់ប្រាក់សន្សំ ឈ្នះរង្វាន់ធំ និងឱកាសទ្វេដងសម្រាប់ការ ចាប់ឆ្នោតផ្សងសំណាង។
លោកស្រី ស៊ីនត្សៀ លីវ បានបន្តថា ក្រៅពីយុទ្ធនាការខាងលើនេះ ធនាគារ មេយប៊ែង ក៏មានយុទ្ធនាការទីផ្សារ ផ្សេងទៀតក្នុងការជម្រុញ ឲ្យអតិថិជនដាក់ប្រាក់សន្សំជាមួយនឹងរង្វាន់ ដល់អតិថិជនជាអត្រាការប្រាក់ខ្ពស់ រហូតដល់ ៤% សម្រាប់គណនីសន្សំរបស់ពួកគេ។ ឧទាហរណ៍ កម្មវិធីប្រកួតប្រជែងសន្សំប្រាក់ ជាមួយនឹង ធនាគារ មេយប៊ែង។ យុទ្ធនាការទីផ្សារនេះ ក៏ជាយុទ្ធនាការដំបូងគេបង្អស់ ក្នុងវិស័យធនាគារនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យអតិថិជនគ្រាន់ តែធ្វើការចុះឈ្មោះចូលរួម ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ ដែលការផ្តល់ជូនរង្វាន់ជាអត្រាការប្រាក់នេះ គឺអាស្រ័យលើចំនួនអ្នកចុះឈ្មោះចូលរួម។ ចំនួនអ្នកចុះឈ្មោះកាន់តែច្រើន អត្រាការប្រាក់កាន់តែខ្ពស់ សម្រាប់គណនីរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះដែរ អ្វីដែលរឹតតែពិសេសទៀតនោះ គឺការទិញទំនិញឥតដែនកំណត់ពីធនាគារ មេយប៊ែង សម្រាប់អតិថិជនទាំងអស់ ដែលបានចុះឈ្មោះចូលរូមក្នុងយុទ្ធនាការនេះ។ ចំនួនអ្នកចុះឈ្មោះចូលរួមកាន់តែច្រើន ឱកាសសម្រាប់អ្នកទទួលបាន រង្វាន់ក៏រឹតតែច្រើន។ ចំនួនសន្លឹកឆ្នោតសម្រាប់ចាប់រង្វាន់នឹងត្រូវ គណនាតាមកំណើន នៃការដាក់ប្រាក់សន្សំសុទ្ធរបស់អតិថិជន ដាក់ប្រាក់កាន់តែច្រើន ឱកាសចួលរួមផ្សងសំណាង ក៏កាន់តែច្រើន។
លោកស្រី ស៊ីនត្សៀ លីវ បានលើកឡើងថា សម្រាប់ការបង្កើតឲ្យមានយុទ្ធនាការ ដាក់ប្រាក់សន្សំទាំងពីរនេះ ក៏ដូចជាយុទ្ធនាការទីផ្សារផ្សេងៗទៀតដូចជា ការប្រើប័ណ្ណឥណពន្ធដែលមានរង្វាន់លើកទឹកចិត្ត និងការបង្កើតឲ្យមានប្រតិបត្តិការ ធនាគារតាមរយៈទូរស័ព្ទ គឺមានបំណងលើកកម្ពស់ និងជម្រុញឲ្យអតិថិជនពេញចិត្ត ប្រើប្រាស់ជាមួយ ធនាគារ មេយប៊ែង។ ធនាគារបានសង្កេតឃើញថា មានអតិថិជនកាន់តែច្រើនបានសម្រេចចិត្ត ប្រើប្រាស់សេវាធនាគារជាមួយនឹងធនាគារ មេយប៊ែង ទាំងអតិថិជនដែលមានទ្រព្យធនច្រើន និងអតិថិជនដែលជាយុវវ័យជំនាន់ក្រោយ ដែលមានលទ្ធភាពប្រើប្រាស់ ប្រព័ន្ធធនាគារ។ កត្តាទាំងនេះបានសរបង្ហាញ ឲ្យឃើញថា អតិថិជនរបស់ធនាគារ មេយប៊ែង បានបង្កើនការប្រើប្រាស់ ប្រព័ន្ធធនាគារជាមួយធនាគារ មេយប៊ែង ហើយយុទ្ធនាការទីផ្សារថ្មីៗ របស់យើង គឺជាការផ្តល់ឲ្យត្រឡប់ទៅវិញ ដល់អតិថិជនដែលបានសម្រេចជ្រើសរើស និងពេញចិត្តជាមួយនឹងការបំពេញ ប្រតិបត្តិការជាមួយធនាគារ មេយប៊ែង។
លោកស្រីបានបន្តថា អ្វីដែលជាចំណុច សំខាន់នោះគឺ អតិថិជនរបស់ ធនាគារ មេយប៊ែង នឹងទទួលបានអត្ថប្រយោជន៍ត្រឡប់ទៅវិញនៅពេលដែលពួកគេដាក់ប្រាក់សន្សំ និងការធ្វើប្រតិបត្តិការប្រចាំថ្ងៃ ជាមួយនឹងធនាគារ មេយប៊ែង។ ក្នុងនាមជាធនាគារដែលឈានមុខគេ ក្នុងវិស័យឥណទានបុគ្គលក្នុងតំបន់ ធនាគារ មេយប៊ែង បានផ្តល់ជូននូវអត្ថប្រយោជន៍ យ៉ាងច្រើនដល់អតិថិជនរបស់យើង។ ធនាគារនឹងបន្តបង្កើត នូវយុទ្ធនាការទីផ្សារថ្មីៗបន្ថែមទៀត ឲ្យស្របទៅនឹងទិសដៅក្នុងការបង្កើត ប្រតិបត្តិការធនាគារលើវិស័យឥណទានបុគ្គល ទាំងក្នុងស្រុក និងទូទាំងតំបន់។
ដោយផ្សារភ្ជាប់ជាមួយនឹងយុទ្ធនាការ ដាក់ប្រាក់សន្សំឈ្នះរង្វាន់ធំរបស់ធនាគារ មេយប៊ែងយើង បានធ្វើការចាប់ឆ្នោតលើកដំបូង ដើម្បីជ្រើសរើសយកអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ចំនួន ៦ នាក់ដំបូង ក្នុងចំណោមអតិថិជនជាង ៦០០០ នាក់ ដែលបានចុះឈ្មោះចូលរួម នៅត្រឹមខែ មិថុនា ឆ្នាំ ២០១៦ សម្រាប់យុទ្ធនាការប្រកួតប្រជែង ដាក់ប្រាក់សន្សំរបស់ធនាគារមេយប៊ែង។ ការចាប់ឆ្នោតលើកក្រោយទៀត នឹងត្រូវធ្វើឡើងនៅពេល ដែលយុទ្ធនាការទីផ្សារត្រូវបញ្ចប់ ដោយអាស្រ័យលើចំនួន នៃអ្នកចុះឈ្មោះចូលរួម។ យុទ្ធនាការប្រកួតប្រជែង ដាក់ប្រាក់សន្សំជាមួយនឹងធនាគារមេយប៊ែង នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦ ផងដែរ៕