(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដែលដឹកនាំដ៏ខ្ពង់ខ្ពស់ដោយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
លោក និន សាផុន ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានធ្វើសេចក្តីរាយការណ៍លំអិត ស្តីអំពីការពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញ រួមមានគោលបំណង អត្ថប្រយោជន៍ ខ្លឹមសារសេចក្តីព្រាងច្បាប់ និងសេចក្តីសន្និដ្ឋាន ជូនសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានរៀបចំឡើងត្រឹមត្រូវ តាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និងស្របតាមគោលការណ៍ និងវិធាននៃការតាក់តែងច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា។
លើសពីនេះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ក៏បានគោរពជម្រាបជូនបន្ថែម អំពីយុត្តិកម្ម ឬភាពចាំចាច់ និងសាវតារក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះ និងបានគូសបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញនេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះមាន ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។
អង្គសភាបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ ស្តីពីវិធានដើមកំណើតទំនិញនេះ ទំាងមូលដោយទទួលបានសម្លេងគំាទ្រជាឯកច្ឆន្ទ។
លោករដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្តេចប្រធានអង្គប្រជុំ ព្រមទាំងសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃរដ្ឋសភា ដែលបានអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់នេះ សំដៅជំរុញបន្ថែមការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល នឹងបន្តសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នជាតិ-អន្តរជាតិពាក់ព័ន្ធឱ្យបានជិតស្និទ្ធិ ដើម្បីជំរុញការអនុវត្តច្បាប់នេះឱ្យបានពេញលេញនិងមានប្រសិទ្ធភាពខ្ពស់៕