(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងសហការី បានបន្តទទួលជួបសវនាការ និងទទួលថវិកាចំនួន ១០៤,០២៦.០០០រៀល និង ៤,៦៩៨ដុល្លារ ពីលោក លោកស្រី មន្រ្តីរាជការ សប្បុរសជនតំណាងឲ្យមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកសរុបចំនួន១៤ ដែលបានឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាបាត់ដំបង ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។
ស្ថិតក្នុងឱកាសនោះ លោក សុខ លូ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជាបន្តបន្ទាប់រហូតមក គិតត្រឹមថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣នេះ សាខាខេត្តបានទទួលថវិកាពីសប្បុរសជនចំនួន ១៥២រូប/អង្គភាព ដែលសរុប
២៩៤,៣៨៤.៧០០រៀល, ៤៥,៥៨៣ដុល្លារ និង១៦,៥០០បាតផងដែរ។
ជាមួយគ្នានេះ លោកប្រធាន បានជម្រាបជូនគណៈប្រតិភូ អំពីសកម្មភាពសំខាន់ៗរបស់សាខាខេត្តបាត់ដំបង ក្នុងការជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត និងសកម្មភាពជាច្រើនទៀតរបស់ កាកបាទក្រហមកម្ពុជាដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬសាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ជួយសម្រាលទុក្ខលំបាក បានទាន់ពេលវេលានិងស្របតាមទិសស្លោក កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល។
ជាក់ស្តែងក្នុងឆ្នាំ២០២៣នេះ សាខាខេត្តអនុសាខាក្រុងស្រុកបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតសរុប១,៦២៩គ្រួសារ ក្នុងនោះគ្រួសាររងគ្រោះដោយខ្យល់កន្រ្តា
ក់ចំនួន១,០៧២គ្រួសារ ក្នុងក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបងផងដែរ។
លោកប្រធានគណៈកម្មាធិការសាខា ក៏បានគោរពជូនពរដល់ សប្បុរសជនទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចជាបន្តបន្ទាប់៕