(ប៉ារីស)៖ ប្រធានាធិបតីបារាំងលោក ហ្វ្រង់ស័រ ហូឡង់ដ៍ បានអំពាវនាវឲ្យចក្រភពអង់គ្លេស រៀបចំកិច្ចពិភាក្សាផ្លូវការ មួយជាមួយនឹងសហភាពអឺរ៉ុប (EU) ជាបន្ទាន់ដើម្បីចាកចេញតបតាមលទ្ធផលនៃការបោះឆ្នោតកាលពីខែមុន ប៉ុន្តែនាយករដ្ឋមន្ត្រីអង់គ្លេសថ្មី សុំពេលយ៉ាងហោចណាស់ ៦ខែទៀត។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦។
ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាលើកដំបូងរបស់លោក ហូឡង់ដ៍ ស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីលោកស្រី Theresa May ក្នុងទីក្រុងប៉ារីស។ បារាំង បានបង្ហាញការគោរពចំពោះ ការសម្រេចរបស់ប្រជាជនអង់គ្លេស ក្នុងការចាកចេញពី EU ប៉ុន្តែការរៀបចំកិច្ចពិភាក្សា ស្តីអំពីដំណើរការចាកចេញពីសហភាពនេះជាផ្លូវការ នឹងមិនត្រូវបង្អង់ទៀតនោះទេ។
លោក ហូឡង់ដ៍ បានប្រាប់លោកស្រី May ថា «យើងមិនអាចមានការពិភាក្សា ឬចរចាគ្នាមិនផ្លូវការ នៅពេលដែល មិនទាន់មានការចរចាជាផ្លូវការនោះទេ ប៉ុន្តែយើងអាចរៀបចំដើម្បីកិច្ចចរចានេះបាន។ យើងយល់អំពីបញ្ហារបស់ រដ្ឋាភិបាលអ្នកដែលទើបតែត្រូវបានបង្កើតឡើងនិងត្រូវការពេលវេលាទៀត ប៉ុន្តែការដោះស្រាយឲ្យបានលឿនបំផុត គឺវាជាការប្រសើរសម្រាប់ផលប្រយោជន៍ទាំងអស់គ្នា»។
ដើម្បីកុំឲ្យលទ្ធផលនៃការចាកចេញពីអឺរ៉ុប ជះផលអវិជ្ជមានខ្លាំងនោះលោក ហូឡង់ដ៍ បានស្នើឲ្យអង់គ្លេស នៅតែរក្សា សេរីភាពនៃការធ្វើដំណើររបស់ប្រជាជនអឺរ៉ុបដដែល ប្រសិនបើអង់គ្លេសចង់បន្តធ្វើជាសមាជិករបស់ សហភាពពាណិជ្ជកម្មសេរីនោះ។ យ៉ាងណាក៏ដោយលោកស្រី May បានបង្ហាញពីជំហរគាំទ្រចំពោះការលើកឡើង របស់លោក ហូឡង់ដ៍ ហើយលោកស្រីត្រូវការពេល ៦ខែនៅក្នុងការដោះស្រាយបញ្ហាទាំងនេះ៕