(ចិន)៖ បុគ្គលិកនៃក្រុមហ៊ុនបច្ចេកវិទ្យាចិន Hangzhou Bina Industrial Technology Company បានឲ្យដឹងថា ពួកគេប្រឈមមុខនឹងការដេញចេញពីក្រុមហ៊ុន បើសិនជាពួកគេនៅបន្តប្រើប្រាស់ iPhone ឬទិញ iPhone ជំនាន់ថ្មី ដោយវិធានការនេះ ត្រូវបានធ្វើឡើងក្រោយពេលតុលាការអន្តរជាតិក្រុងឡាអេ សម្រេចក្ដីឲ្យចិន ចាញ់ហ្វីលីពីន ក្នុងជម្លោះសមុទ្រចិនខាងត្បូង។
ក្រុមហ៊ុនចិនមួយនេះ បានបំផុះគំនិតស្នេហាជាតិ ដោយបានចេញសេចក្ដីប្រកាសជាផ្លូវការមួយថា សម្រាប់បុគ្គលិកទាំងអស់ ដែលប្ដូរចិត្តមកប្រើទូរស័ព្ទក្នុងស្រុក និងទទួលបានប្រាក់លើកទឹកចិត្ត ចំណែកបុគ្គលិកណា ដែលទិញ iPhone ថ្មី នឹងត្រូវបណ្ដេញចេញពីក្រុមហ៊ុន ព្រមទាំងជាប់ឈ្មោះជាបុគ្គលិកមិនល្អថែមទៀតផង។
សម្រាប់បុគ្គលិកដែលប្រើ iPhone 6 នឹងទទួលបានប្រាក់សំណង ៣៧៥ដុល្លារ, iPhone 5 ទទួលបាន ២២៥ដុល្លារ និង iPhone 4 ទទួលបាន ១៥០ដុល្លារ ហើយ iPhone ទាំងនោះ ក្រុមហ៊ុននឹងយកទៅបំផ្លាញចោល។
ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានខាងក្រុមហ៊ុន Apple ពន្យល់ថា ប្រហែលជាមានការយល់ត្រឡប់ណាមួយ ទើបក្រុមហ៊ុនចិនខាងលើ ធ្វើដូច្នេះ ប៉ុន្តែតំណាងក្រុមហ៊ុនចិននេះ បានអះអាងថា វាមិនមែនជារឿងយល់ប្រឡំនោះទេ គឺជារឿងស្នេហាជាតិ ព្រោះ Apple ជាក្រុមហ៊ុនអាមេរិក។
គួរបញ្ជាក់ផងដែរថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនទទួលបានជោគជ័យទៅលើទីផ្សារស្មាតហ្វូនប្រទេសចិន ដោយតួលេខនៃការលក់បានច្រើនជាង Samsung៕