(ភ្នំពេញ)៖ បន្ទាប់ពីមានការលើកឡើងនូវមតិមួយចំនួនថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ធ្វើតាមប្រធានគណបក្សសង្គ្រោះជាតិ, នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្រ្ត សម្លេងភាគច្រើន នៅក្នុងរដ្ឋសភា បានលើកឡើងថា រូបលោកបានធ្លាប់រួមដំណើរជាមួយសម្តេចតេជោ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដោយធ្វើដំណើរតាម កាណូត ម៉ូតូ រទេះគោ រទេះសេះ តាំងពីគណបក្សប្រឆាំងមិនទាន់កើតមកម្ល៉េះ។
ឆ្លើយនឹងសំណួរអ្នកកាសែតថា «តើ ឯកឧត្តម ក្នុងនាមជាអ្នកនាំពាក្យតំណាងរាស្ត្រសម្លេងភាគច្រើន (តំណាងរាស្ត្រគណបក្ស ប្រជាជនកម្ពុជា) នៅក្នុងរដ្ឋសភា ឯកឧត្តម យល់យ៉ាងណាចំពោះការលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ដែលបានចុះមូលដ្ឋានតាមបណ្តាខេត្ត ក្រុងនានា គឺធ្វើតាមសកម្មភាពរបស់ថ្នាក់ ដឹកនាំគណបក្សប្រឆាំង?»។
លោក ឈាង វុន បានឆ្លើយយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនថា សម្តេចតេជោនាយករដ្ឋមន្ត្រី ប្រធាន គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពចុះសំណេះ សំណាលជាមួយប្រជាពលរដ្ឋតាំងពី គណបក្សប្រឆាំងមិនទាន់កើតមកម៉្លេះ។ ខ្ញុំនៅចាំបានថា ខ្ញុំធ្លាប់រួមដំណើរជាមួយ សម្តេចតេជោ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ ដោយធ្វើដំណើរតាមកាណូត ម៉ូតូ រទេះគោ រទេះសេះ ហើយដោយឡែក គឺនៅឆ្នាំ១៩៩២ សម្តេចតេជោ បានទៅសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុក ស្រីសន្ធរ ស្រុកកងមាស ខេត្តកំពង់ចាមជាដើម»។
លោកបានបន្តទៀតថា «នៅពេលនោះ ថ្វីត្បិតតែយើងមានការលំបាកក្នុងការធ្វើដំណើរ ផ្លូវមិនទាន់មានការអភិវឌ្ឍដូចសព្វថ្ងៃ ឆ្លងកាត់ភ្លៀងផ្គរផងដែរនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពុះពារគ្រប់ឧបសគ្គ ធ្វើយ៉ាងណាឲ្យបានជួបប្រជាពលរដ្ឋនៅពេលនោះ ហើយប្រជាពលរដ្ឋបានអបអរសាទរ និងគោរពស្រលាញ់សម្តេចទាំងពីរខ្លាំងណាស់។ ដូចនេះហើយការលើកឡើងនូវពាក្យដែលថា សម្តេចតេជោ ធ្វើតាមមេបក្សប្រឆាំងនោះ គឺមិនពិតទេ ព្រោះកិច្ចការចុះសួរសុខទុក្ខរបស់សម្តេចតេជោ ដល់មូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋ គឺសម្តេចតេជោ បានធ្វើតាំងតែពីមុនគណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិ ចាប់កំណើតឡើងម៉្លេះ»៕