(អាមេរិក)៖ បច្ចុប្បន្នមានមនុស្សជិតពាក់កណ្ដាលនៃប្រជាជននៅលើពិភពលោក បានប្រើប្រាស់អ៉ីនធើណែត ប៉ុន្តែមានមនុស្ស ១,៦ពាន់លាននាក់ ដែលអត់មានអ៉ីន៉ធើណែតប្រើទាល់តែសោះ ហេតុនេះហើយទើប លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook បានបង្កើតនូវយន្តហោះដើរដោយថាមពលព្រះអាទិត្យ ដើម្បីចែកចាយអ៉ីនធើណែតនៅតាមតំបន់ដែលគ្មានអ៉ីនធើណែត។
នៅថ្ងៃនេះ លោក Mark Zuckerberg បានប្រកាសឲ្យដឹងថា ការបោះបង្ហោះយន្តហោះដើរ ដោយថាមពលព្រះអាទិត្យ ដើម្បីចែកចាយអ៉ីនធើណែតនៅតាមតំបន់ដែលគ្មានអ៉ីនធើណែត គឺទទួលបានជោគជ័យ បន្ទាប់ពី ក្រុមការងាររបស់លោកបានចំណាយពេល២ឆ្នាំទៅលើគម្រោងមួយនេះ។
«បន្ទាប់ពីក្រុមវិស្វករបានចំណាយពេលអស់ ២ឆ្នាំ នៅថ្ងៃនេះ ខ្ញុំមានមោទនភាពខ្លាំងណាស់ ក្នុងការប្រកាសឲ្យដឹងថា ការបង្ហោះយន្តហោះដើរដោយថាមពលព្រះអាទិត្យ មានឈ្មោះថា Aquila សម្រាប់ជាធ្នឹមចែកចាយអ៉ីនធើណែត គឺទទួលបានជោគជ័យ»។ នេះជាសំដីរបស់លោក Mark Zuckerberg ដែលបានបង្ហោះនៅលើFacebook Page ផ្ទាល់ខ្លួនរបស់លោក។
Aquila មានសមត្ថភាពអាចហោះនៅលើលំហអាកាសក្នុងរយៈកម្ពស់ជិត ២០គីឡូ និងហោះបានរយៈពេល ៣ខែ ជាពិសេសគឺអាចចែកចាយអ៉ីនធើណែតបាន ១០០គីឡូម៉ែត្រជុំវិញខ្លួនវា (ជារង្វង់) ហើយបើតាមការបញ្ជាក់ពីលោក Mark Zuckerberg វានឹងត្រូវយកទៅប្រើប្រាស់នៅតាមតំបន់ដែលពុំមានអ៉ីនធើណែតប្រើ ដែលទីតាំងទាំងនោះ ត្រូវបានកំណត់ដោយគម្រោង Internet.org៕