(កំពង់ស្ពឺ)៖ កម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា មេបញ្ជាការអាវុធហត្ថស្រុក នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើយុទ្ធនាការបិតចំណាំងផ្លាតដល់គោយន្តគ្រប់ប្រភេទ ដើម្បីចូលរួមការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមានជារៀងរាល់ថ្ងៃ។
លោកវរសេនីយ៍ត្រី សោម ពុទ្ធតារា បានឲ្យដឹងថា ដោយមើលឃើញការកើតមានករណីគ្រោះចរាចរណ៍កើតមានជាញឹកញាប់ កម្លាំងអាវុធហត្ថ បានធ្វើយុទ្ធនាកា បិតចំណាំផ្លាតដល់គោយន្តគ្រប់ប្រភេទ លើផ្លូវជាតិលេខ៤៤ ចំណុចភូមិគោក ឃុំសង្កែសាទប ភូមិអូរព្រុង ឃុំហោងសំណំ និងចំណុចផ្លោច ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍។ លោក បន្តថា ដោយអនុវត្តន៍តាមអនុសាសន៍ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការចង្អុលផ្ទាល់ពីលោកឧត្តមសេនីយ៏ត្រី ជួ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមានបំណងអប់រំដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹង ពីហានិភ័យបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ផងនោះ ទើបកម្លាំងអាវុធហត្ថស្រុកឱរ៉ាល់ បានបើកយុទ្ធនាការចុះបិតចំណាំងផ្លាត ដល់គោយន្តដែលធ្វើចរាចរណ៍តាមដងផ្លូវ ជាពិសេសគោយន្តកែឆ្នៃ ដែលជាញឹកញាប់តែងតែជួបនៅគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា យោងតាមស្ថិតិប្រចាំឆ្នាំ២០១៦ទូទាំងខេត្តកំពង់ស្ពឺ មានគោយន្ដ៤,០០០គ្រឿង ហើយជាញឹកញាប់នៅស្រុកឱរ៉ាល់ កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារបុកគោយន្តពេលយប់ស្លាប់ជាច្រើនករណី៕