(កំពង់ស្ពឺ)៖ ក្នុងគោលបំណងលើកកម្ពស់គុណភាពប្រតិបត្តិកម្មវិធីគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៣ បានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា។
កម្មវិធីនេះប្រារព្វធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ រយៈពេល២ គឺថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមដែលបានចូលរួមមានចំនួនជាង១០០នាក់ អញ្ជើញមកពីគ្រប់អង្គភាពស្ថាប័នចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ។
ក្នុងនាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាឱកាសនោះលោកស្រី ឡុង បូណារ៉េត អភិបាលរង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអប់រំ យុវជន ដែលតែងតែគិតគូរសុខភាពសិក្សាដើម្បីពង្រឹងគុណភាពអប់រំដើម្បីកូនចៅយើងជាទំពាំងយើងលូតលាស់បានល្អ។
ក្នុងនាមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន, លោកស្រីបណ្ឌិត សឿ សុជាតា ថា កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ គឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ ហើយសម្បទាទាំង៥នេះ អាចសម្រេចបាននោះ គឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារនិងមហាជនកម្ពុជាគ្រប់រូប។
លោកស្រីបណ្ឌិត សឿ សុជាតា ក៏បានពាំនាំប្រសាសន៍ដឹកនាំ របស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា គឺ ដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីប្រតិបត្តិគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់យើង។
ជាមួយគ្នានេះលោកស្រីបណ្ឌិត សឿ សុជាតា បានបន្ថែមទៀត ដោយបញ្ជាក់ថាមនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាពនិងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯង និងរបស់មនុស្សជុំវិញខ្លួន៕