(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រគល់ភារកិច្ចជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីបានពិភាក្សាជាមួយ សម្តេចក្រឡាហោម ស ខេង និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កម្ពុជាចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី១២ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើពិនិត្យមើលស្ថានភាពនៅប្រទេសថៃ មានគណបក្សមួយចំនួន ត្រូវបាត់បងសមាជិកសភាមួយចំនួន ពីការជាប់ឆ្នោត ទៅជាបាត់បង់សិទ្ធិជាប់ឆ្នោតទៅវិញ ដោយសារពួកគេមិនបានបំពេញកាតព្វកិច្ច ក្នុងការទៅបោះឆ្នោតលើកទី១។ ដូច្នេះកម្ពុជា ក៏អាចធ្វើបែបនេះបាន។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ការធ្វើវិសោធនកម្មច្បាប់នេះ គឺជារឿងចាំបាច់ ដើម្បីចៀសវាងការនិយាយចុះឡើង ប៉ុន្តែត្រូវតែនិយាយអំពីបញ្ហាផ្លូវច្បាប់។ ជនណាក៏ដោយ នៅក្នុងគណបក្សណាក៏ដោយ ឱ្យតែមិនបានទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកនោះនឹងមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោត នៅពេលខាងមុខ ទោះបីជាការបោះឆ្នោតអសកលក្តី ជាសមាជិកក្រុមប្រឹក្សាស្រុកខណ្ឌក្រុង ខេត្តរាជធានី ឬការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតសមាជិកសភាឆ្នាំ២០២៨។

សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចបានបន្តថា ក៏អាចធ្វើដូចថៃពេលនេះ ប៉ុន្តែនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋទៅបោះឆ្នោត ឬមិនបោះឆ្នោតនោះទេ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖