(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរដល់កម្លាំងនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិទាំងអស់ ដែលបានបំពេញការងារនាពេលកន្លងមក ប្រកដោយជោគជ័យពិសេសក្នុងការការពារសន្ដិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជូនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ ដែលបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក យឹម លាង បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយ នាយរងនគរបាល នៃនាយកដ្ឋានអង្គរក្ស។
លោកឧត្តមសេនីយ៍ឯក យឹម លាង គូសបញ្ជាក់ថា ការទទួលបានជោគជ័យយ៉ាងធំធេងជាប្រវត្តិសាស្ដ្រ ក្នុងផែនការការពារនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១, មហាសន្និបាតអាយប៉ា លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងឋានៈកម្ពុជាជាប្រធាន បានធ្វើឲ្យនាយកដ្ឋានអង្គរក្ស ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងពីស្ថាប័នពាក់ព័ន្ធដទៃទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិរូបនេះ បានអះអាងទៀតថា នាយកអង្គរក្សក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងព្រឹត្តិការណ៍សំខាន់ៗដែលទើបបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ដូចជា ពិធីបុណ្យសមុទ្រ, ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ, ការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក យឹម លាង ក៏បានធ្វើការណែនាំ និងផ្ដាំផ្ញើនូវការងារសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*ទី១៖ ត្រូវមានការស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចំពោះរាជរដ្ឋាភិបាល
*ទី២៖ ត្រូវអនុវត្តន៍ឲ្យបាននូវគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែនគឺ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែលព្យាបាល និងវះកាត់
*ទី៣៖ ត្រូវគោរពច្បាប់ គោរពវិន័យ កងកម្លាំងនគរបាល និងបទបញ្ជាផ្សេងៗ ត្រូវខិតខំបំពេញការងារឲ្យបានល្អ
ដែលអគ្គស្នងការដ្ឋាននគរបាលជាតិដាក់ចេញ
*ទី៤៖ ត្រូវខិតខំបម្រើផលប្រយោជន៍ជាតិ និងប្រជារាស្ត្រ ហើយមិនត្រូវធ្វើអ្វីឲ្យប៉ះពាល់ផលប្រយោជន៍ជាតិ និង
ប្រជារាស្ត្រឡើយ
*ទី៥៖ ត្រូវមានស្មារតីសាមគ្គី សហការល្អ ជាមួយមិត្តរួមការងារ និងជាមួយការិយាល័យ អង្គភាព ស្ថាប័នពាក់ព័ន្ធ
*ទី៦៖ ត្រូវខិតខំរៀនសូត្រលើគ្រប់ផ្នែក អំពីកិច្ចការនគរបាល អំពីច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈបច្ចេកទេស ជំនាញដើម្បី
បង្កើនសមត្ថភាពយល់ដឹង និងបទពិសោធន៍ផ្សេងៗ ក្នុងការធានារ៉ាប់រង រាល់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ
*ទី៧៖ ត្រូវបន្តបង្កើនគុណភាពមន្ដ្រីនគរបាលអង្គរក្ស ដោយប្រកាន់យកនូវសកម្មភាពគំរូ ដែលប្រកបដោយសេចក្ដីថ្លៃថ្នូរ
និងគុណធម៌សំដៅលើកស្ទួយកិត្តិយស កិត្យានុភាព និងឧត្ដមភាពរបស់កងកម្លាំងនគរបាលជាតិ៕