(ភ្នំពេញ)៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ មានរៀបចំសិក្ខាសាលាស្តីពីបារីអេឡិចត្រូនិក ដែលមានការអញ្ជើញចូលរួមគ្រប់តំណាងសង្កាត់ទូទាំងរាជធានីភ្នំពេញ។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធររាជធានីភ្នំពេញ និងសង្គមស៊ីវិល ជំរុញឱ្យអ្នកពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការលក់បារីអេឡិចត្រូនិក ឬវេបដើម្បីកាត់បន្ថយការប្រើប្រាស់ និងផលប៉ះពាល់ ខណៈ ការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ឬវេបនៅតែបន្តកើនឡើងតាមរយៈបណ្តាញព័ត៌មានសង្គមមានការការឡើងគួរឱ្យព្រួយបារម្មណ៍។
ក្នុងឱកាសនោះលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា បារីអេឡិចត្រូនិក ឬវេប ពិតជាបានបង្កផលប៉ះពាល់ដល់ សង្គមជាតិ ជាពិសេសបានបំផ្លាសអនាគតកុមារ និងយុវជនបើសិនបើពួកគេប្រើប្រាស់ផលិតផល សូមឱ្យគ្រប់ខណ្ឌ សង្កាត់ និងនគរបាលមូលដ្ឋាន ត្រូវរឹតបន្តឹង ទប់ស្កាត់ការប្រើប្រាស់ ការចែកចាយ បារីអេឡិចត្រូនិក ឬវេប ស្របតាមលិខិតគតិយុត្តិដែលមាននៅ តាមមូលដ្ឋានរៀងខ្លួនឱ្យកាន់តែតឹងរឹងបំផុត។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានលើកឡើងថា នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគិតគូរបញ្ហានេះជាប្រចាំព្រោះវានាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ប៉ុន្តែបើទោះបីជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានចាត់វិធានការលើការប្រើប្រាស់ ការនាំចូលបារីអេឡិចត្រូនិកយ៉ាងណាក្តីតែក៏នៅមានឈ្មួញ ខិលខូចនាំតែបន្តផ្សព្វផ្សាយ និងនាំចូលឧបករណ៍នេះនៅកម្ពុជាដដែល។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា កាលពីខែមីនា ឆ្នាំ២០២១កន្លងមក អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចេញសេចក្តីណែនាំ ស្តីពីការចាត់វិធានការបង្ការទប់ស្កាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចឈ៍ ធី ភី ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
រាជរដ្ឋាភិបាលបាល បានគិតគូយកចិត្តទុកដាក់ខ្លាំងចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអំពាវនាវដល់ យុវជនកុំឱ្យមានកាភ្លើតភ្លើនប្រើប្រាស់បារីអេឡិចត្រូនិក និងបើប្រាស់ឧបករណ៍អេចណ៍ធីភីនេះ ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់សុខភាព ខាតបងថវិកា ខាតពេលវេលាជាដើម។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបញ្ជាក់ថា «សមត្ថកិច្ចនៅតែអនុវត្តន៍វិធានការតឹងរ៉ឹងហើយបន្តសហការជាមួយក្រសួងស្ថាប័ននានាដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់ពីការប្រើប្រាស់ផលិតនេះ បន្តសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹង កុំប្រើប្រាស់ផលិតផលទាំងអស់ហ្នឹង ពេលអតមានអ្នកប្រើប្រាស់ ក៏អតមានទីផ្សារ ហើយឈ្មួញក៏មិនដឹងទៅលក់ឱ្យអ្នកណាទេ ។ ហើយយើងងាយស្រួលក្នុងការបង្រ្កាបឈ្មួញទុចរិត»៕